រត់ម៉ូតូឌុបសុខៗ បែកគំនិតចេញឆក់ខ្សែក ត្រូវសមត្ថកិច្ចប្រមាញ់បាន បន្ទាប់ពីគេចខ្លួនបាន ២ថ្ងៃ

38

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស ដោយបានធ្វើសកម្មភាពឆក់ខ្សែកស្រ្តីចំណាស់ម្នាក់ដែលកំពុងដើរហាត់ប្រាណ និងបានធាក់ជនរងគ្រោះឲ្យដួលច្រងាប់ច្រងិលរបួសជង្គង់។

ប្រតិបត្តការប្រមាញ់ជនសង្ស័យនេះ ត្រូវបានធ្វើឡើងកាលពីវេលាម៉ោង ៧៖០០ព្រឹក ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ចំណុចមុខផ្ទះលេខ05F ផ្លូវលេខ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ញ៉ែម យ៉ុម ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

ចំណែកជនរងគ្រោះមានឈ្មោះដុង ធីឌែប ភេទ ស្រី អាយុ៧៤ឆ្នាំ ជនជាតិវៀតណាម មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះ០៥F ផ្លូវ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

បើតាមលោកវរៈសេនីយ៍ត្រី អ៊ុ រតនា នាយប៉ុស្តិ៍នគរបាលច្បារអំពៅ២បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញ ពីលោកវរៈសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ និងមានការសការជាមួយសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌ  ក៏បានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់នេះ រួមទាំងម៉ូតូដែលបានធ្វើសកម្មភាព និង ដកហូតខ្សែរកជនរងគ្រោះមកវិញផងដែរ។

លោកនាយប៉ុស្តិ៍បានបន្តទៀតថា ដោយមុនពេលកើតហេតុជនរងគ្រោះ បានដើរហាត់ប្រាណ និងបានឈរនៅចំណុចកើតហេតុ ស្រាប់តែជនសង្ស័យជិះម៉ូតូម៉ាក Honda Scoopyi ពណ៌ស សេរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ ១JM-២២០១ ជិះមកពីក្រោយ រួចធ្វើសកម្មភាពឆក់ខ្សែកមាស ០១ខ្សែ ទម្ងន់០៥ជី ព្រមទាំងបានធាក់ជនរងគ្រោះឲ្យដួលលើផ្លូវ បណ្ដាលឲ្យរងរបួសជង្គង់ស្តាំ រួចជនសង្ស័យជិះម៉ូតូគេចខ្លួនបាត់ស្រមោល។

លុះដល់ថ្ងៃទី0៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង៧៖០០ព្រឹក កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យ នៅចំណុចកើតហេតុខាងលើ និង បានដកហូតខ្សែកជនរងគ្រោះ ព្រមទាំងម៉ូតូជិះធ្វើសកម្មភាព បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីសាកសួរ។

ក្រោយឃាត់ខ្លួនបានសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅ២ បានធ្វើការសាកសួរ និង កសាងសុំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌច្បារអំពៅចាត់ការបន្តតាមនិតិវិធី។ ចំណែកខ្សែរកមាស សមត្ថកិច្ចបានប្រគល់ជូនស្ត្រីរងគ្រោះវិញផងដែរ៕