នារីជនបរទេសម្នាក់ ធ្លាក់ពីលើមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា ក្រោយពេលគេឃើញនារីរងគ្រោះឈរនិយាយជាមួយនឹងបុរសម្នាក់

47

ភ្នំពេញ៖ នារីជនបរទេសម្នាក់បានធ្លាក់ពីលើអាគារកំពស់ ៣៦ជាន់ ហើយបានមកទើនៅជាន់ទី ៥B បណ្តាលផ្កាប់មុខស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលដល់សន្តិសុខយាមអាគារ និងប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ ដើម្បីចុះមកអន្តរាគមន៍។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ២រំលងអធ្រាតឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ ក្នុងអាគារមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សាកំពង់ ៣៦ជាន់ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ចំណែកសពនារីរងគ្រោះ​ ជាជនបរទេស មិនទាន់ដឹងអត្តសញ្ញាណនៅឡើយ។

បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុគេបានឃើញនារីរងគ្រោះជាជនបរទេសម្នាក់បានឈរ និយាយជាមួយនិងបុរសជនបទេសម្នាក់ទៀតនៅមុខបន្ទប់កើតហេតុខាងលើ មួយសន្ទុះក្រោយមកពុំដឹងថាមានរឿងទាស់សំដីគ្នា ឬក៏មានមូលហេតុអ្វីអោយពិតប្រាកដនោះទេ ស្រាប់តែឃើញនារីរងគ្រោះបានធ្លាក់ចុះមកក្រោម។

ភ្លាមៗនោះដែរក៏ គេឃើញបុរសជាជនបរទេសព្យាយាមឈោងដៃទៅជួយនារីរងគ្រោះដែរ ប៉ុន្តែអកុសលជួយពុំទាន់ ក៏ធ្លាក់នារីរងគ្រោះមកក្រោមទើជាប់នឹងជាន់ទី៥B ដេកស្លាប់ផ្កាប់មុខយ៉ាងសង្វេក  បង្កការឆោឡោដល់សន្តិសុខមើលការខុសត្រូវនៅក្នុងមជ្ឈមណ្ឌលអាគារព្រីនស៍ផ្លាហ្សា និងប្រជាពលរដ្ឋជិតខាងបានរាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋានអោយចុះមកពិនិត្យទីតាំងកើតហេតុភ្លាមៗតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ និងបានព័ទ្ធខ្សែរក្នុងទីតាំងនៃសពនារីរងគ្រោះ ព្រមទាំងបានទំនាក់ទំនងទៅសមត្ថកិច្ចផ្នែកជំនាញកោសល្យវិច្ច័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចុះមកពិនិត្យទៅលើសពនារីរងគ្រោះ ថាតើស្លាប់ដោយសារអ្វីឲ្យពិតឲ្យប្រាកដ និងបានសហការជាមួយសមត្ថកិច្ចជំនាញផ្សេងទៀតដើម្បីបើកការស្រាវជ្រាវឈានដល់ការស្វែងរកការពិត ថាតើនារីរងគ្រោះធ្លាក់ពីលើអាគារស្លាប់ដោយសារការធ្វើអត្តឃាត ឬជាករណីឃាតកម្ម៕