ទីបំផុតកងរាជអាវុធហត្ថ សម្រេចឃាត់ខ្លួនមន្ត្រីយោធិន ២រូប ពាក់ព័ន្ធករណីធ្វើឲ្យមនុស្សស្លាប់

47

ភ្នំពេញ៖ បន្ទាប់ពីបើកការស្រាវជ្រាវអស់រយះពេល ១សប្តាហ៍ ​ជំនាញមន្ត្រីនគរបាលយុត្តិធម៌បានសុំគោលការណ៍ឃាត់ខ្លួនយោធិន ២រូបដែលសង្ស័យជាប់ពាក់ព័ន្ធករណីធ្វើឲ្យមនុស្សស្លាប់ម្នាក់ នៅអំឡុងពេលចុះប្រតិបត្តិការការងារបង្ក្រាបល្បែងស៊ីសងជល់មាន់តាមអនឡាញត្រង់ចំណុចភូមិរូង ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំកាលពីថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២២។

នៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឲ្យដឹងថា យោធិន២រូប ដែលត្រូវបានឃាត់ខ្លួននេះរួមមានឈ្មោះ សុខ ម៉េងហុង ឋានៈអនុសេនីយ៍ឯក មុខងារនាយការិយាល័យព្រហ្មទណ្ឌ និងម្នាក់ទៀតឈ្មោះ លុយ តាំងឈួយ ឋានៈអនុសេនីយ៍​ឯកមុខងារប្រធានអង្គភាពនគរបាលយុត្តិធម៌។

សូមរម្លឹកថា ចំណាត់ការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនមន្ត្រីយោធិនទាំង ២រូបនេះក្រោយមានការបង្ហោះសារលើបណ្តាយសង្គមហ្វេសបុកដង្ហោយរកយុត្តិធម៌ ខណៈដែលការបង្ក្រាបនេះបានធ្វើឲ្យមានមនុស្សស្លាប់ម្នាក់។

ករណីហ្វេសបុកមួយដែលមានឈ្មោះថា  Nearadey Din បានបង្ហោះរូបភាព ភ្ជាប់ជាមួយខ្លឹមសារទាំងស្រុងថា យើងខ្ញុំជាក្រុមគ្រួសារជនរងគ្រោះសពឈ្មោះសួង ឌ័ន អាយុ47ឆ្នាំ កាលពីវេលាម៉ោង៥៖០០ល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ នៅភូមិរូង ឃុំក្រវ៉ា ស្រុកបារាយ ខេត្តកំពង់ធំ លោកសួង ឌ័ន ដែលជាជនរងគ្រោះ បានមកពីប្រជុំ ចៃដន្យមេឃភ្លៀង គាត់ក៏ចូលជ្រកភ្លៀងនៅតូបកាហ្វេ ពេលនោះស្រាប់តែមានប៉េអឹមចាប់លោកឪពុកខ្ញុំ ទៅសង្កត់ត្រង់ចំណុចកររហូតដល់គាត់ដកដង្ហើមមិនរួច ប៉ុន្តែបែរគិតថាគាត់យកលេស មិនព្រមយកពុកខ្ញុំទៅពេទ្យនោះទេ រហូតដល់គាត់ផុតដង្ហើមស្លាប់នៅលើឡានតែម្តង។

ម្ចាស់ករណីដដែល បានបន្តថា យើងខ្ញុំសូមគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណ:កម្មធិការសិទ្ធិមនុស្សកម្ពុជា សូមមេត្តាជួយស្វែងរកយុត្តិធម៌ដល់ពុកយើងខ្ញុំផង ដែលបានរងនូវអំពើដ៏សាហាវព្រៃផ្សៃ និងអមនុស្សធម៌បែបនេះ។ យើងខ្ញុំជាក្រុមគ្រួសារសពសង្ឃឹមថា សម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម កែវ រ៉េមី និងជួយផ្តល់នូវយុត្តិធម៌ដល់ក្រុមគ្រួសារនាងខ្ញុំឆាប់ៗខាងមុខនេះជាក់ជាមិនខាន ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតពីក្រុមគ្រួសារយើងខ្ញុំ។

ជុំវិញករណីនេះ កងរាជអាវុធហត្ថ នឹងធ្វើសន្និសីទព័ត៌មានអំពីលទ្ធផលនៃការស៊ើបអង្កេតដែលឈានដល់ការចាប់ខ្លួនមន្ត្រីយោធិនទាំង២នាក់នេះនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ៕