ក្រុមចោរជំនាញកាច់កម៉ូតូ ព្រហើនបាញ់តដៃជាមួយសមត្ថកិច្ច ផ្អើលអស់ប្រជាពលរដ្ឋសង្កាត់អូរបែកក្អម

46

ភ្នំពេញ៖ មុខសញ្ញាចោរកាច់កម៉ូតូ ២នាក់ត្រូវបានសមត្ថកិច្ចប្រមាញ់បាន ស្របពេលភ្លេចខ្លួន អង្គុយផឹកស៊ីយ៉ាងសប្បាយនៅក្នុងទីតាំងហាងមួយកន្លែងក្នុងសង្កាត់អូរបែកក្អម លុះឃើញសមត្ថកិច្ចចុះមក ក៏បានដកកាំភ្លើងបាញ់ស្រោចលើសមត្ថកិច្ចចំនួន២គ្រាប់ បង្កការភ្ញាក់ផ្អើលដល់មនុស្សម្នាដែលកំពុងហូបចុកនៅក្នុងហាង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០៖២០នាទីយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ត្រង់ចំណុងហាងផឹកស៊ីមួយកន្លែងខាងក្រោយផ្សារទំនើបមីតថោន តាមបណ្តោយផ្លូវបេតុង សង្កាត់អូរបែកក្អម  ខណ្ឌសែនសុខ  រាជធានី ភ្នំពេញ ។

យោងទៅតាមប្រភពព័ត៌មានពីកម្លាំងកងរាជអាវុធហ្ថតខណ្ឌសែនសុខបានដឹងថា មុនពេលកើតហេតុមានប្រជាពលរដ្ឋរាយការណ៍ពីមុខសញ្ញាក្រុមចោរកាច់កម៉ូតូ លុះទទួលបានព័ត៌មាននេះភ្លាមកម្លាំងកងរាជអាវុធហ្ថតខណ្ឌសែនសុខ បានឆែកកាំមេរ៉ាសុវត្ថិភាពរហូតកំណត់ទីតាំងក្រុមជនសង្ស័យស្ថិតនៅ ហើយក៏បានចុះល្បាតតែម្តង។

នៅពេលដែលកម្លាំងកងរាជអាវុធហ្ថតខណ្ឌសែនសុខ បានចុះល្បាតក្នុងទីតាំងភូមិសាស្ត្រខណ្ឌសែនសុខចំណុចក្រោយផ្សារទំនើបមីតថោន ក៏បានប្រទះឃើញម៉ូតូមួយគ្រឿងម៉ាក Honda Click  ពណ៌ស  ពាក់ស្លាកលេខ  ភ្នំពេញ 1JA-8054 ដែលជាម៉ូតូកំណត់មុខសញ្ញាជនសង្ស័យធ្លាប់ជិះធ្វើសកម្មភាពចោរកម្មកន្លងមកតែម្តង។

ក្រុមជនសង្ស័យបានចតម៉ូតូចោល ដោយមានក្របអាវភ្លៀងពីលើ ប៉ុន្តែសមត្ថកិច្ចនៅតែអាចកំណត់មុខសញ្ញាបាន លុះពេលកម្លាំងកងរាជអាវុធហត្ថប្រទះម៉ូតូក្រុមជនសង្ស័យរួចហើយ ក៏ចុះទៅពិនិត្យមើល ស្រាប់តែជនសង្ស័យម្នាក់ឃើញទាន់ ក៏ស្ទុះឡើងជិះម៉ូតូបម្រុងនឹងចាកចេញ ប៉ុន្តែត្រូវបានសមត្ថកិច្ចស្រែកឲ្យឈប់ ភ្លាមនោះជនសង្ស័យម្នាក់បានដកកាំភ្លើងបាញ់តម្រង់លើសមត្ថកិច្ចចំនួន ២គ្រាប់ ប៉ុន្តែមិនត្រូវ។ ឃើញបែបនោះសមត្ថកិច្ចក៏បានដកកាំភ្លើងបាញ់តបវិញភ្លាមៗ ដើម្បីការពារខ្លួន ធ្វើឲ្យភ្ញៀវដែលនៅក្នុងហាងភិតភ័យនាំគ្នារត់ឆោឡោតែម្តង។

ស្ថិតក្នុងស្ថានភាពកំពង់ឆោឡោបែបនេះ ក្រុមជនសង្ស័យទាំងពីរនាក់ បានឆ្លៀតឪកាសរត់គេចខ្លួនបាត់ស្រមោល បន្សល់ម៉ូតូចោលនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុកម្លាំងកងរាជអាវុធហត្ថ បានប្រមូលវត្ថុតាង ដែលបន្សល់ទុកពីជនសង្ស័យ និងបាននាំខ្លួនបុរសដែលជាភ្ញៀវដែលបានផឹងស៊ីនៅក្នុងហាងចំនួន៣នាក់ ក្នុង ចំណោមភ្ញៀវជាច្រើននាក់ ហើយនាំខ្លួនទៅកាន់កងរាជអាវុធហ្ថតខណ្ឌសែនសុខដើម្បីធ្វើការសាកសួរ។

ក្រោយសួរនាំរួច ឃើញថាបុរសទាំង ៣នាក់ពុំបានជាប់ការពាក់ព័ន្ធ កម្លាំងកងរាជអាវុធហត្ថក៏បានដោះលែងឲ្យត្រឡប់ទៅផ្ទះវិញ៕