ភ្ញៀវទេសចរណ៍មកកម្សាន្តក្នុងខេត្តសៀមរាប អាចហកឡើងដល់ជិត ២ពាន់ភាគរយក្នុងឆ្នាំ២០២២នេះ

20

ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២២នេះ ទោះបីស្ថានភាពវិបត្តិជំងឺឆ្លងមិនទាន់ដាច់ ប៉ុន្តែខេត្តសៀមរាបបានទទួលភ្ញៀវទេសចរយ៉ាងច្រើន ហើយកំណើននេះអាចហកឡើងដល់ជិត ២ពាន់ភាគរយនៃភ្ញៀវទេសចរបរទេស និងកើនដល់ជាង ៣០០ភាគរយនៃភ្ញៀវទេសចរជាតិចូលមកកម្សាន្តក្នុងខេត្តសៀមរាប បើធៀបនឹងរយះពេលដូចគ្នាកាលពីឆ្នាំ២០២១។

លោក ​ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ថា តាមការព្យាករណ៍សម្រាប់រយៈពេលពេញមួយឆ្នាំ២០២២នេះ ភ្ញៀវទេសចរចូលមកកម្សាន្តក្នុងខេត្តសៀមរាបនឹងឡើងដល់ចំនួន២,២៧៨,៨៥៤នាក់ ហើយចំនួនជាង២លាននាក់ ដែលជាការំពឹងទុកនេះ នឹងកើនឡើងក្នុងអត្រា៣២៦.៧៥% បើប្រៀបធៀបនឹងឆ្នាំ២០២១ ដែលមានចំនួន៥៣៤,០០៥នាក់។

លោករដ្ឋមន្ត្រីបានបន្តទៀតថា នៅដំណាច់ឆ្នាំ២០២២ខាងមុខនេះ ភ្ញៀវទេសចរជាតិនឹងឡើងដល់ចំនួន២,០៣៩,០០០នាក់ កើនឡើង២៩១.២៦% ហើយភ្ញៀវទេសចរអន្តរជាតិក៏នឹងឡើងដល់ចំនួន២៣៩,៨៥៤នាក់ កើនឡើង១៧៦៣.២៣%។

ដើម្បីចូលរួមជំរុញដល់កំណើននេះត្រូវបានលោករដ្ឋមន្ត្រីបញ្ជាក់ថា ក្រសួងទេសចរណ៍បានកំពុងពិភាក្សាជាមួយនឹងក្រសួង ស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជនអំពីលទ្ធភាពក្នុងការបង្កើតកញ្ចប់ទស្សនកិច្ចពិសេស ដើម្បីទាក់ទាញឱ្យភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាបឲ្យច្រើនដង។

គួរម្លឹកថា នៅក្នុងខេត្តសៀមរាបបច្ចុប្បន្នមានមូលដ្ឋានអាជីវកម្ម និងសេវាកម្មកំពុងបើកដំណើរការអាជីវកម្មសរុបចំនួន ៥៤៨កន្លែង ស្មើនឹង៤៦%នៃអាជីវកម្មទេសចរណ៏សរុបក្នុងខេត្តមានចំនួន១១៨៧កន្លែង៕