សហភាពអឺរ៉ុប នៅមិនទាន់ចុះសម្រុងគ្នាជុំវិញការបិទទិដ្ឋាការសម្រាប់ភ្ញៀវទេសចររុស្ស៊ី

13

អឺរ៉ុប៖ មកទល់ពេលនេះសំណើរស្នើបិទទិដ្ឋាការសម្រាប់ភ្ញៀវទេសចររុស្ស៊ី ក្នុងការធ្វើដំណើរចូលមកបណ្តាប្រទេសក្នុងសហគមន៍អឺរ៉ុប នៅមានភាពប្រទាំងប្រទើសគ្នានៅឡើយទេ ខណៈបណ្តាមេដឹកនាំប្រទេសក្នុងសហភាពអឺរ៉ុប មានគំនិតខ្វែងគ្នា ស្របទៅនឹងស្ថានភាពសេដ្ឋកិច្ច បើដ្បិតថាមិនពេញចិត្តជាមួយការឈ្លានពានរបស់មេដឹកនាំរុស្ស៊ីដូចគ្នាក៏ដោយ។

បើតាមការចុះផ្សាយដោយ Aljazeera នៅថ្ងៃទី២៩ ខែសីហានេះបានឲ្យដឹងថា ចំពោះសំណើរស្នើឲ្យមានការបិទទិដ្ឋាការពលរដ្ឋរុស្ស៊ីនេះ ទំនងជាមិនអាចសម្រេចជាឯកច្ឆ័ន្ទឡើយ ព្រោះថាបើតាមលោក Josep Borrell ប្រធានការបរទេសរបស់សហភាពអឺរ៉ុប បានចាត់ទុកការបំរាមបិទទិដ្ឋាការនេះជារឿងមិនត្រឹមត្រូវ និងអយុត្តិធម៌សម្រាប់ពលរដ្ឋស៊ីវិលរបស់រុស្ស៊ី។

ទោះជាយ៉ាងនេះក្តី ក៏នៅមានមន្ត្រីជាន់ខ្ពស់របស់សហភាពអឺរ៉ុបនៅតែគាំទ្រ នឹងគំនិតនេះដដែល ព្រោះថានេះអាចជាការបញ្ចូនសារទៅប្រជាជនរបស់ប្រទេសរុស្ស៊ីថា ការធ្វើសង្គ្រាមឈ្លានពានរបស់មេដឹកនាំរុស្ស៊ីដែលកំពុងបានធ្វើឡើងនេះ គឺជាការរំលោភបំពានលើប្រទេសអ៊ុយក្រែន ជារឿងមិនអាចទទួលយកបានឡើង វាជារឿងអយុត្តិធម៌សម្រាប់អ៊ុយក្រែន។

គួរម្លឹកថាប្រទេសជាច្រើនដែលសមាជិកសហគមន៍អឺរ៉ុបដូចជា ប្រទេសប៉ូឡូញ ឡាតវី និងដាណឺម៉ាកកំពុងអំពាវនាវឱ្យមានការហាមឃាត់ទូទាំងសហភាពអឺរ៉ុប ខណៈដែលអេស្តូនី និងហ្វាំងឡង់ បានកំណត់ទិដ្ឋាការសម្រាប់ភ្ញៀវទេសចររុស្ស៊ីរួចហើយ បើទោះបីជាប្រទេសខ្លះដូចជាប្រទេសស្វីសមិនពេញចិត្តក៏ដោយ ប៉ុន្តែប្រសិនបើថ្នាក់ដឹកនាំអឺរ៉ុបសម្រេចបែបណា មានតែធ្វើតាមប៉ុណ្ណោះ។

សូមជម្រាបថា មកទល់ពេលនេះសង្គ្រាមរុស្ស៊ី និងប្រទេសអ៊ុយក្រែន បានឈានចូលខែទី៧ហើយ ដែលកំពុងក្លាយជាសង្គ្រាមដ៏រ៉ាំរ៉ៃ បង្កខ្ទិចខ្ទាំយ៉ាងធ្ងន់ធ្ងរដល់ប្រទេសអ៊ុយក្រែន និងមានមនុស្សស្លាប់ជាច្រើន និងបានបណ្តាលឲ្យពិភពលោកជួបវិបត្តិកង្វះស្បៀងអាហារ អតិផរណា ចំពេលបំរែបម្រួលអាកាសធាតុកំពុងវាយលុកពិភពលោកយ៉ាងធ្ងន់ធ្ងរ៕