ភ្នំពេញ៖ ករណីហិង្សា ឈានដល់ការចាក់សម្លាប់គ្នា ដើមចងពីវិបត្តិស្នេហាត្រីកោន បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ នៅនៅចំណុច ផ្លូវលំ ក្រុម១៥ ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។
ជនរងគ្រោះមានឈ្មោះអ៊ិន សុខធី ហៅ ម៉ាប់ ភេទប្រុស អាយុ២៩ឆ្នាំ ចំណែកជនសង្ស័យមានឈ្មោះ ណែម សំអាត ភេទប្រុស អាយុ៣០ឆ្នាំ។
ក្រោយកើតហេតុ សមត្ថកិច្ចបានស្រាវជ្រាវស្វែងរកចាប់ជនសង្ស័យ ក៏ទទួលបានតម្រុយថាជនសង្ស័យបានលាក់ខ្លួននៅខេត្តបាត់ដំបង។ លុះទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញក៏បន្តទៅសហការជាមួយ កម្លាំងអាវុធហត្ថខេត្តបាត់ដំបង រួមគ្នាធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យ ឈ្មោះ ណែម សំអាត នេះនៅវេលាម៉ោង ២២៖៣០នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចផ្ទះសំណាក់ផ្កាយព្រឹក ស្ថិតក្នុងភូមិដួង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ព្រំដែនកម្ពុជា-ថៃ។
ជនសង្ស័យបានសារភាពថា កាលពីអំឡុងឆ្នាំ២០១៨ ដល់២០១៩ ខ្លួនបានស្គាល់ ស្ត្រីមេម៉ាយម្នាក់ ឈ្មោះ នី សុខុម និងបានរួមរស់ ជាប្តីប្រពន្ធជាមួយគ្នា ដោយពុំបានរៀបការស្របច្បាប់នោះទេ។ បន្ទាប់ពីរួមរស់ជាមួយគ្នាបានមួយរយៈ ស្រាប់តែប្រពន្ធខ្លួនបានប្រាប់ថា ចង់សុំបែកគ្នាជាមួយរូបខ្លួន ដោយសារតែនាងបានជួបប្តីដើមឈ្មោះ អ៊ិន សុខធី (ជនរងគ្រោះ) ដែលធ្លាប់បានរៀបការជាមួយគ្នា និងមានកូនប្រុសម្នាក់នោះវិញ។
លុះនៅល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ប្រពន្ធខ្លួនបានតេទូរស័ព្ទហៅខ្លួនទៅជួនចរចាជាមួយគ្នានៅផ្ទះ ដើម្បីដោះស្រាយរួមគ្នា ខណៈនោះរូបខ្លួនក៏បានជិះម៉ូតូ ដោយមានកូនកាំបិតចុងស្រួចមួយសៀតចង្កេះផង។
នៅពេលទៅដល់ ដោយសារតែនិយាយមិនត្រូវរ៉ូវគ្នា ក៏បានបង្កជាជម្លោះពាក្យសម្តីខ្លាំងៗ ជាមួយក្រុមគ្រួសារខាងប្តីដើម រហូតឈានដល់ការប្រតាយប្រតប់គ្នា ភ្លាមនោះ ឈ្មោះ អ៊ិន សុខធី (ជនរងគ្រោះ) ក៏ស្ទុះមករកខ្លួន គាប់ជួនខ្លួនកាន់កាំបិតចុងស្រួចក្រវីក្រវាត់ត្រូវចំជនរងគ្រោះបណ្តាលឲ្យដេកដួល តែពុំដឹងត្រូវកន្លែងណាខ្លះទេ។
បន្ទាប់ពីកើតហេតុរួច រូបខ្លួនក៏ឡើងជិះម៉ូតូគេចខ្លួន និងលាក់ខ្លួនបានមួយយប់ ក៏បន្តជិះរថយន្តគេចខ្លួនទៅខេត្តបាត់ដំបង សម្រាកនៅទីនោះបានមួយយប់មួយថ្ងៃ។ លុះដល់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ស្រាប់តែត្រូវបានសមត្ថកិច្ចអាវុធហត្ថចុះមកដល់នៅជិតព្រំដែនកម្ពុជា-ថៃ ចាប់ឃាត់រូបខ្លួនតែម្តង។
ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ចូនទៅកាន់តុលាការនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ចាត់ការតាមនីតិវិធីច្បាប់៕