សម្ដេចក្រឡាហោម ស ខេង ចាត់ទុកល្បែងស៊ីសងជាមហារីកសង្គម ដែលនាំឲ្យកើតមានបទល្មើសផ្សេងទៀត

17

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ គឺជាមេរោគហារីកសង្គមយ៉ាងកាចសាហាវបំផុត ហើយនឹងនាំមកនូវបទល្មើសជាច្រើនកើតមានឡើងជាអាទិ៍ បទល្មើសជួញដូរមនុស្សគ្រប់ទម្រង់ បទល្មើសគ្រឿងញៀន ភេវរកម្ម លួចឆក់ប្លន់ បទល្មើសជម្រិតទារប្រាក់ បទល្មើសធ្វើទារុណកម្ម កាប់សម្លាប់ សងសឹក ប្រើប្រាស់អាវុធខុសច្បាប់ បទល្មើសអន្តោប្រវេសន៍ខុសច្បាប់ បទល្មើសសម្អាតប្រាក់ ពិសេសវានឹងនាំមកនូវផលប៉ះពាល់ដល់ការកសាងយុត្តិធម៌សង្គមផងដែរ។

ប្រសាសន៍របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃធ្វើឡើងក្រោយកិច្ចប្រជុំណែនាំកិច្ចការប្រឆាំងអំពើជួញដូរមនុស្ស នៅទីស្ដីការក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ។

សម្ដេច ស ខេង បានសង្កត់ធ្ងន់ទៀតថា ការបណ្ដែតបណ្ដោយឱ្យមានល្បែងស៊ីសងខុសច្បាប់ គឺមិនអាចជំនួសឱ្យការវិនិយោគត្រឹមត្រូវតាមច្បាប់នោះបានទេ ទោះមានពន្ធ មានចំណូលចូលរដ្ឋប៉ុន្តែមិនអាចដូចគេវិនិយោគត្រឹមត្រូវនោះដែរ មិនតែប៉ុណ្ណោះវាថែមទាំងរារាំងការវិនិយោគត្រឹមត្រូវដែលគេមានទុនវិនិយោគធំៗថែមទៀតផង ព្រោះធម្មតាមុននឹងគេយកប្រាក់មកវិនិយោគ គេមើលទាំងអស់ ប្រសិនអ្នកវិនិយោគមិនត្រឹមត្រូវច្រើន អាចនឹងរារាំងអ្នកជំនួញល្អៗ និងអ្នកទេសចរណ៍ថែមទៀតផង។

សម្ដេច បានទាញការចាប់អារម្មណ៍ថា រាជរដ្ឋាភិបាលបានចំណាយថវិកាប្រមាណជាង២០០លានដុល្លារ ដើម្បីកសាងហេដ្ឋរចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ ហើយការវិនិយោគផ្លូវល្បឿនលឿនប្រមាណ២ពាន់លានដុល្លារ និងការកែលម្អផ្លូវជាតិលេខ៤ផងដែរនោះ គឺមិនមែនដើម្បីបម្រើឱ្យឋានសួរគ៌នៃល្បែងខុសច្បាប់នោះទេ គឺក្នុងបំណងទាក់ទាញការវិនិយោគត្រឹមត្រូវ អ្នកទេសចរណ៍ត្រឹមត្រូវដើម្បីបានចំណូលកសាងប្រទេសជាតិទាំងមូល ហើយក៏មិនមែនតែខេត្តព្រះសីហនុនោះដែរ៕