ហាងបញ្ចាំចំនួន ៣ទីតាំងត្រូវបានបិទជាបណ្តោះអាសន្ន ក្រោយរកឃើញគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ

17

ភ្នំពេញ៖ ទីតាំងហាងបញ្ចាំខុសច្បាប់ចំនួន ៣ទីតាំងត្រូវបានបិទសៀលឃ្លុំបេជាបណ្តោះអាសន្ន ក្រោយរកឃើញថាមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវ ដោយរកឃើញម៉ូតូ និងរថយន្តជាច្រើនគ្រឿង។

ប្រតិបត្តិការនេះ ដឹកនាំដោយលោក ឃ្លាំង  ហួត  អភិបាលរងរាជធានីភ្នំពេញ លោក ជា ពិសី អភិបាលខណ្ឌទួលគោក និងឧត្ដមសេនីយ៍ត្រី តឹង សុធី ស្នងការ រងកម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើស ដោយមានការសម្របសម្រួលនីតិវិធី ពីលោកលឹម ប៊ុនហេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងកងកម្លាំងចម្រុះមូលដ្ឋានខណ្ឌទួលគោក នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។

ទីតាំងទាំង៣រួចមានទីតាំងទី១ ទទួលបញ្ចាំ ផ្ទះលេខ១១B   ក្រុមទី០៣ ផ្លូវ  ១៨៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក  ដោយមានម្ចាស់ហាងឈ្មោះ ប៉េង  ឡេង  ភេទប្រុស  អាយុ៤០ឆ្នាំ  ជនជាតិខ្មែរ។

ទីតាំងទី២ ហាងទទួលបញ្ចាំផ្ទះលេខ ១០B ផ្លូវលេខ ១៨៦ ក្រុមទី៨ ភូមិទី០៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ដោយមានម្ចាស់ហាងឈ្មោះ ស៊ុន ហាច ភេទប្រុស  អាយុ ៥៨ឆ្នាំ ជាជនជាតិខ្មែរ។

ទីតាំងទី៣ ហាងទទួលបញ្ចាំផ្ទះលេខ ១០D ផ្លូវលេខ ១៨៦ ក្រុមទី៨ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ដែលមានម្ចាស់ទីតាំងមានឈ្មោះ ស៊ឹម សុខា ភេទប្រុស អាយុ ២៨ឆ្នាំ ជាជនជាតិខ្មែរ។

ក្រោយបិទសៀលឃ្លុំបេទាំង២ទីតាំងនេះជាបណ្តោះអាសន្ន នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ សមត្ថកិច្ចនឹងធ្វើការចូលពិនិត្យខាងក្នុងទីតាំងបញ្ចាំបន្ថែមទៀតតាមនីតិវិធីផងដែរ៕