ក្រសួងធនធានទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀងពីថ្ងៃនេះ ដល់ថ្ងៃទី២៧ ខែកញ្ញា

7

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នចំពោះទឹកជំនន់ ដែលអាចកើតមានឡើងមកពីទឹកភ្លៀងច្រើនហួសកម្រិត ហើយបន្តធ្លាក់ផ្ទួនៗគ្នា ជាពិសេសនៅក្នុងភូមិសាស្ត្រនៃតំបន់ជាប់ជួរភ្នំ តំបន់ទំនាបជាប់ក្បែរផ្លូវទឹក នឹងភូមិសាស្ត្រជាប់ព្រំដែរថៃ។

នេះបើតាមការសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ ដោយក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកបានឲ្យដឹងថា កត្តានេះបណ្តាលមកពីសម្ពាធខ្ពស់នៅលើប្រទេសចិន បានរុញច្រានប្រព័ន្ធសម្ពាធទាប រំកិលចុះមកក្រោម អូសបន្លាយកៀកលើតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឥសានកម្ពុជា ហើយដំណាលគ្នានោះ ខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីខ្សោយទៅបង្គួរ។

ដែលនេះនឹងធ្វើឲ្យប្រទេសកម្ពុជានៅទូទាំងប្រទេសទាំងតំបន់ទំនាបកណ្តាល តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រមានភ្លៀងធ្លាក់ពីមធ្យម ទៅច្រើន និងខ្លាំង លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ។

អាស្រ័យដូចបានជម្រាបជូនខាងលើសូមបងប្អូនប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្ន និងថែរក្សាសុខភាព ដើម្បីជៀសឆ្ងាយពីជំងឺនានា៕