ក្រុមហ៊ុនម៉ាកាស់ លែន បន្តចុះកិច្ចព្រមព្រៀងទិញអង្ករសរ ចំនួន ១២ម៉ឺនតោននៅក្នុង១ឆ្នាំ ដើម្បីនាំចេញត្រង់ទៅកាន់ប្រទេសចិន

45

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ក្រុមហ៊ុនម៉ាកាស់ លែន បានចុះកិច្ចព្រមព្រៀងទិញអង្ករខ្មែរ ពីក្រុមហ៊ុន ហ្គេមប៊ីធីស៊ី អិមស៊ីជីអាយ (GAMEBTC MCGI CO.,LTD) ដើម្បីនាំចេញត្រង់ទៅកាន់ប្រទេសចិន ក្រោមពាណិជ្ជនាមរបស់ក្រុមហ៊ុនម៉ាកាស់ លែនផ្ទាល់។

កិច្ចព្រមព្រៀងនេះ នឹងជំរុញការនាំចេញអង្ករកម្ពុជា ទៅកាន់ប្រទេសចិនបន្ថែមទៀត ខណៈការនាំចេញប្រភេទអង្ករស ប្រមាណ ១២ម៉ឺនតោននៅក្នុង ១ឆ្នាំ ចុងអង្ករប្រមាណ​ ៦ម៉ឺនតោននៅក្នុង ១ឆ្នាំ។

បើតាមលោក សារី អ៊ីសា អគ្គនាយកក្រុមហ៊ុនម៉ាកាស់ លែន បានឲ្យដឹងថា ការចុះកិច្ចព្រមព្រៀងនេះគឺជាដំណើរបោះជំហានជាបន្តបន្ទាប់ លើវិស័យកសិកម្មទាំងខាងផ្នែកស្រូវអង្ករ ផ្លែឈើដូចជាខ្នុរ ចេក គ្រាប់ស្វាយចន្ទី ប្រេងផ្កាឈូករ័ត្នជាដើម។

លោក សារី រំពឹងថានៅឆ្នាំបន្តបន្ទាប់ទៀតលោកនឹងទិញអង្ករខ្មែរ  នាំចេញទៅបរទេសឲ្យបានច្រើនជាងនេះជាបន្តបន្ទាប់ ព្រមជាមួយផ្លែឈើសម្ងួតខ្មែរជាច្រើនប្រភេទទៀតមានដូចជា ខ្នុរក្រៀម ដំណាប់ស្វាយ ធុរេន និងស្រកានាគជាដើម ដើម្បីយកទៅលក់នៅអារ៉ាប់ និងប្រទេសមហាមិត្តចិនដែលកំពុងមានតម្រូវការច្រើន។

គួរម្លឹកថា ក្រៅពីការចុះកិច្ចព្រមព្រៀងទិញកសិផលខ្មែរសម្រាប់នាំចេញ ក្រុមហ៊ុនម៉ាកាស់ លែន ក៏មានចម្ការដាំដុះផ្ទាល់ខ្លួនផងដែរ ខណៈបច្ចុប្បន្នក្រុមហ៊ុនម៉ាកាស់ លែន មានចម្ការខ្នុរការុដប្រមាណជាង ១០០ហិកតា ដែលកំពុងលូតលាស់លើទឹកដីខេត្តក្រចេះ និងកំពង់ធំអាយុជាង ១ឆ្នាំហើយ ក្រៅពីនេះក្រុមហ៊ុននឹងគ្រោងដាំជាបន្តបន្ទាប់សម្រាប់បម្រើការនាំចេញកសិផលផ្ទាល់ពីក្នុងចម្ការ ពិសេសដំណាំចេកអំបូងលឿង ដែលជាកសិផលសក្កានុពលបំផុតរបស់កម្ពុជា ដែលក្រុមហ៊ុនម៉ាកាស់ លែន មិនបានមើលរំលង ខណៈក្រុមហ៊ុននឹងដាំជាជំហានដំបូងចំនួន ២០០ហិកតា ហើយនឹងបន្តបន្ទាប់រហូតដល់ ១ពាន់ហិកតា៕