ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ត្រៀមបើកឲ្យប្រើប្រាស់សាកល្បងឥតគិតថ្លៃពេញមួយខែតុលាខាងមុខនេះ

10

ភ្នំពេញ៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ត្រៀមបើកឲ្យប្រើប្រាស់សាកល្បងឥតគិតថ្លៃពេញមួយខែតុលា ពោលគឺចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ

នេះបើតាមលោក ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនថ្លែងក្នុងឱកាសចុះពិនិត្យការងារផ្លូវល្បឿនលឿន កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។

ការត្រៀមបើកសាកល្បងគឺបន្ទាប់ពីគម្រោងការងារសាងសង់ផ្លូវល្បឿនលឿនសម្រេចបានស្ទើរតែ ១០០%ហើយ លឿនជាងផែនការគ្រោងទុករហូតដល់ទៅ០៨ខែ ហើយការងារដែលនៅសេសសល់មួយចំនួននឹងត្រូវបញ្ចប់ឱ្យបានរួចរាល់នាពេលដ៏ខ្លីខាងមុខនេះ។

ផុតពីនេះក្រសួងសាធារណការ និងរៀបចំតម្លើងប្រព័ន្ធអេឡិចត្រូនិច ETC ដើម្បីទូទាត់ក្នុងការចំណាយថ្លៃសេវាប្រើប្រាស់ផ្លូវ ហើយប្រព័ន្ធបច្ចេកវិទ្យានេះគឺមានលក្ខណៈសាមញ្ញ ដែលអាចសម្រួលដល់បងប្អូនប្រជាពលរដ្ឋអាចធ្វើការបង់ប្រាក់ជាមុន និងប្រើប្រាស់ផ្លូវល្បឿនលឿន ដោយមិនចាំបាច់ឆ្លងកាត់នីតិវិធីស្មុគស្មាញ និងមិនចាំបាច់តម្រូវឱ្យចេះប្រើប្រព័ន្ធបច្ចេកវិទ្យាឡើយ។

លោក ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បន្ថែមថារីឯការបង់ប្រាក់ នឹងអាចធ្វើបានជាមួយជម្រើសសំបូរបែប គ្រប់ពេលវេលា និងពីគ្រប់ទីកន្លែង។ បច្ចេកវិទ្យានេះក៏នឹងសម្រួលដល់ការចេញចូលផ្លូវល្បឿនលឿន ដោយមិនចាំបាច់រង់ចាំ ចំណាយពេលយូរនៅច្រកចេញចូលឡើយ។

ដូចនេះដើម្បីចូលទៅកាន់ផ្លូវល្បឿនលឿនបាន បងប្អូនដែលជាអ្នកបើកបរត្រូវប្រើប្រាស់យានយន្តដែលបានចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) នៅក្នុងសុពលភាពឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសដែលកំណត់ដោយក្រសួង ដើម្បីធានាបានសុវត្ថិភាពចរាចរណ៍ ព្រមទាំងកាត់បន្ថយបទល្មើសនានា៕