គេចសាលាមិនចូលរៀន នាំគ្នាទៅលេងល្បែងអនឡាញត្រូវបានសមត្ថកិច្ចបង្ក្រាប

9

ភ្នំពេញ៖ ទីតាំងបង្ក្រប់ល្បែងអនឡាញមួយកន្លែង យីហោ«ស្កាយអ៊ីនធើណេត» បានប្រមូលផ្តុំសិស្សានុសិស្សជាច្រើនមកលេងល្បែងមិនចូលសាលា ខណៈទីតាំងនេះនៅជិតសាលារៀនស្រាប់ ក៏ត្រូវបានសមត្ថកិច្ចបង្ក្រាប និងឃាត់បានសិស្សសាលាចំនួន១២នាក់។

ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង៩៖៥០នាទីព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅទល់មុខវិទ្យាល័យហ៊ុន សែនជម្ពូវ័ន ភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចដកហូតបាននូវសម្ភារៈដែលបម្រើឲ្យល្បែងស៊ីសងមានដូចជាកុំព្យូទ័រចំនួន ៣៦គ្រឿង និងឃាត់ខ្លួនមនុស្សចំនួន ១៦នាក់ ដោយក្នុងនោះមានម្ចាស់ទីតាំងម្នាក់ បុគ្គលិកមើលការខុសត្រូវចំនួន ៣នាក់ និងសិស្សសាលាដែលបានចូលលេងចំនួន ១២នាក់ផងដែរ។

មន្ត្រីសាលាសង្កាត់ចោមចៅទី៣ បានឲ្យដឹងថា ម្ចាស់ទីតាំងអ៊ីនធើណេត ឈ្មោះសេង ប៊ុនហៀងនេះ កន្លងមកអាជ្ញាធរពុំបានដឹងថា ទីតាំងនោះមានបង្កប់ល្បែងអនឡាញនោះទេ ដោយដឹងត្រឹមតែជាការបើកអ៊ីនធើណេតធម្មតាៗប៉ុណ្ណោះ ប៉ុន្តែក្រោយពីបើកការស្រាវជ្រាវមួយរយៈពេលចុងក្រោយនេះទើបដឹងថា ទីនេះមានបង្កប់ល្បែងអនឡាញជ្រក ក្រោមស្លាកអ៊ីនធើណេត ហើយបានពង្វក់ស្មារតីសិស្សឲ្យភ្លេចការសិក្សាអស់ ទើបចុះបង្ក្រាបតែម្ដង។ ដូចនេះទីតាំងមួយនេះនឹងត្រូវបានបិទមិនឲ្យដំណើរការទៀតឡើយ ចំណែកក្មេងៗសិក្សសាលា នឹងត្រូវ យកទៅអប់រំ និងធ្វើកិច្ចសន្យាផងដែរ៕