ឪពុកមារបែកថ្នាំ ចាប់បោកក្មួយស្រីតូចនឹងគល់ឈើ បណ្តាលឲ្យស្លាប់ភ្លាមៗ ខណៈទារិកាមានអាយុ ទើបតែ១៨ខែ

36

កំពង់ស្ពឺ៖ ឪពុកមារចិត្តខ្មៅ ចាប់ក្មួយស្រីដែលមានអាយុទើបតែ ១៨ខែ បោកនឹងគល់ឈើក្រោយផ្ទះ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០៖១៥នាទីព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតក្នុងភូមិក្រវៀក ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យមានឈ្មោះ ម៉ែត តូម៉ា ភេទប្រុសអាយុ២៤ឆ្នាំ រស់ភូមិកើតហេតុខាងលើជាមួយគ្នា។ ចំណែនទារិការងគ្រោះ មានឈ្មោះ ឈៀង ផាន់នី ភេទស្រី អាយុ១៨ខែ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជីតារបស់ទារិការងគ្រោះឈ្មោះសាក់ ម៉ែត អាយុ៥៥ឆ្នាំ ដែលត្រូវជាឪពុកជនសង្ស័យបានឃើញចៅស្រីយំ ក៏លួងឲ្យគេងនៅលើគ្រែ លុះបន្តិចរូបគាត់ក៏ឡើងទៅលើផ្ទះបាត់ ទុកចៅស្រីតូចនៅគេងលើគ្រែម្នាក់ឯង ឆ្លៀតពេលនោះឪពុកមារចិត្តខ្មៅ បានលើកទារិកាទៅក្រោយផ្ទះ ចាប់បោកនឹងគល់ឈើ បណ្តាលផុងលលាក្បាលហូរឈាមតាមត្រចៀកខាងឆ្វេងស្លាប់ភ្លាមៗតែម្តង។

គួរជម្រាបថាជនសង្ស័យជាមនុស្សញៀនថ្នាំដែលទើបតែចេញពីមណ្ឌលអប់រំកែប្រែ ហើយមូលហេតុនៃឧក្រិដ្ឋកម្មដ៏ឃោឃៅនេះ ដោយសារជនសង្ស័យខឹងសុំលុយម្តាយមិនបាន។

ក្រោយកើតហេតុសមត្ថកិច្ចឃាត់ខ្លួនជនដៃដល់បានភ្លាមៗ ចំណែកសពទារិកា រងគ្រោះបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្នជនដៃដល់កំពុងសាកសួរនឹងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចាត់ការតាមនិតិវិធីបន្ត៕