ខេត្តសៀមរាបបិទផ្លូវ ១០ខ្សែ ខណៈជំនន់ទឹកភ្លៀងកំពុងហក់ឡើងខ្លាំង

26

សៀមរាប៖ មន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តសៀមរាប សម្រេចបិទផ្លូវជាតិ និងផ្លូវខេត្តចំនួន ១០ខ្សែ ដោយមិនអនុញ្ញាតឲ្យរថយន្តដឹកទំនិញធុនធ្ងន់ធ្វើចរាចរណ៍ឡើយ ដោយសារបញ្ហាជំនន់ទឹកភ្លៀង។

យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីសាធារណការនិងដឹងជញ្ចូនខេត្តសៀមរាបនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានឲ្យដឹងថា ដោយសារស្ថានភាពជំនន់ទឹកភ្លៀងបាននឹងកំពុងជន់ឡើងយ៉ាងខ្លាំង ជាហេតុបណ្តាលឲ្យលិចលង់នៅតាមកំណាត់ផ្លូវមួយចំនួន ក្នុងភូមិសាស្រ្តខេត្តសៀមរាប។

នៅក្នុងសេចក្តីជូនដំណឹងបានបន្តថា ស្ថានភាពបែបនេះនឹងធ្វើឲ្យផ្លូវស្ពាន មិនអាចទ្រនឹងទម្ងន់របស់រថយន្តដឹកទំនិញធុនធ្ងន់បានទេ។ ដូចនេះដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ និងទប់ស្កាត់ការខូចខាតរចនាសម្ព័ន្ធផ្លូវថ្នល់ និងស្ពាន មន្ទីសាធារណការ និងដឹកជញ្ចូនខេត្តសៀមរាប សូមធ្វើការបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទជាបណ្តោះអាសន្នលើកំណាត់ផ្លូវចំនួន ១០ខ្សែមានដូចជា៖

ផ្លូវជាតិលេខ ៦៤ (ដំដែក-ព្រះវិហារ), ផ្លូវជាតិលេខ៦៧ (សៀមរាប-អន្លង់វែង), ផ្លូវជាតិលេខ៦៨ (ក្រឡាញ់-ឧត្តរមានជ័យ), ផ្លូវខេត្តលេខ២៦៥E (រលួស-កំពង់ភ្លុក), ផ្លូវខេត្តលេខ២៦៦C (ស្វាយធំ-បន្ទាយស្រី), ផ្លូវខេត្តលេខ២៦៦F (ពួក-អង្គរជុំ), ផ្លូវខេត្តលេខ២៦៧៣ (អង្គរជុំ-វ៉ារិន), ផ្លូវខេត្ត លេខ២៦៧៦ (ទួលគ្រួស-តាសៀម), ផ្លូវខេត្តលេខ២៦៤៥ (ស្វាយលើ-ស្រែណូយ), ផ្លូវខេត្តលេខ៦២-៣ (បេងមាលា-ខ្វាវ)។

គួរម្លឹកថាជំនន់ទឹកភ្លៀងដែលកំពុងជន់ឡើងយ៉ាងជាំជោលិចផ្លូវ មន្ទីពេទ្យ សាលា និងផ្ទះសម្បែរ ពលរដ្ឋ បណ្តាលឲ្យពលរដ្ឋសរុបជិត៣០០០គ្រួសារជួបការលំបាក ក្នុងនោះមានស្រុកចំនួន៨ មានស្រីស្នំ ក្រឡាញ់ ស្រុកជីក្រែង ស្រុកអង្គរជុំ ស្រុកវ៉ារិន ស្រុកពួក ស្រុកសូទ្រនិគម និងស្រុកប្រាសាទបាគង កំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ដែលមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែកញ្ញា៕