ពលរដ្ឋចំនួន ៨នាក់ហើយ ដែលទទួលបានម៉ូតូរបស់ខ្លួនវិញ ក្នុងប្រិតិបត្តិការពិនិត្យហាងបញ្ចាំខុសច្បាប់

10

ភ្នំពេញ៖ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញបានធ្វើពិធីប្រគល់ម៉ូតូជូនជនរងគ្រោះចំនួន ០៨គ្រឿង នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ នេះនៅទីតាំងឃ្លាំងស្តុកម៉ូតូ នៅOCIC ដែលបានដកហូតម៉ូតូពីទីតាំងហាងបញ្ចាំនៅឃ្លាំងរំសេវរយៈពេល៤ថ្ងៃកន្លងមកនេះបានជាង១០០០គ្រឿង។

ក្នុងឱកាសប្រគល់ម៉ូតូជូនជនរងគ្រោះនេះផងដែរ លោក ឃ្លាំង ហួត អភិលរងរាជធានីភ្នំពេញលើកឡើងថា នេះជាជនរងគ្រោះទាំង០៨នាក់ ក្នុងចំណោមជនរងគ្រោះជាច្រើននាក់ទៀត ដូច្នេះ លោកបាន ជំរុញឲ្យអាជ្ញាធរជំនាញពាក់ព័ន្ធឲ្យពន្លឿនការធ្វើឯកសារ ដើម្បីប្រគល់ជូនម៉ូតូដល់ជនរងគ្រោះណាដែលផ្ទៀងផ្ទាត់ឃើញម៉ូតូខ្លួន ដើម្បីបានធ្វើជាមធ្យោបាយធ្វើដំណើរ ប្រកបមុខរបររបស់ខ្លួនវិញ។

ក្នុងនោះដែរប្រជាពលរដ្ឋដែលជាជនរងគ្រោះបានមកទទួលម៉ូតូរបស់ខ្លួនវិញនោះមានសេចក្ដីរំភើបរីករាយយ៉ាងខ្លាំងដែលម៉ូតូរបស់ខ្លួនបានបាត់ជាច្រើនឆ្នាំមកហើយនោះ បានរកឃើញវិញនោះ។

គួរជម្រាបថា ក្នុងប្រតិបត្តិការប៉ុន្មានថ្ងៃមកនេះ កម្លាំងសមត្ថកិច្ចបានរកឃើញម៉ូតូប្រមាណជាង១,០០០គ្រឿង ដែលបញ្ចាំដោយគ្មានឯកសារត្រឹមត្រូវ ហើយត្រូវបានយកទៅរក្សាទុកបណ្ដោះអាសន្ន ដើម្បីផ្សព្វផ្សាយស្វែងរកម្ចាស់។

គួរបញ្ជាក់ផងដែរកាលពីថ្ងៃទី១៩  ខែកញ្ញា ឆ្នាំ កន្លងមក នេះលោក ឃ្លាំង ហួតអភិបាលរងរាជធានីភ្នំពេញបានដឹកនាំកម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក និងដឹកនាំផ្ទាល់ដោយ លឹម ប៊ុនហេង ព្រះរាជអាជ្ញារងនៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញបានចុះត្រួតពិនិត្យឃ្លាំងបញ្ចាំនៅតំបន់ឃ្លាំងរំសេវ បន្ទាប់ពីមានបទបញ្ជាពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយអនុវត្តតាមអនុសាសន៍ដ៏ម៉ឺងម៉ាត់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ពាក់ព័ន្ធការបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់។ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញបានបញ្ជាក់ប្រាប់ឲ្យដឹងថា ទីតាំងឃ្លាំងបញ្ចាំ ស្ថិតនៅភូមិ៣ មូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ មានចំនួន ៦០ ទីតាំង ក្នុងនោះមានទីតាំងខ្លះមានអាជ្ញាប័ណ្ណនិងទីតាំងខ្លះមិនមានអាជ្ញាប័ណ្ណឡើយ។

លោកអភិបាលរងបានបន្តទៀតថា មានអាជ្ញាប័ណ្ណឬមិនមានអាជ្ញាប័ណ្ណជារឿងមួយ តែដោយឡែកទីតាំងដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវសូមប្រកបអាជីវកម្មស្របច្បាប់កុំប្រព្រឹត្តបទល្មើស ក្រោមអាជ្ញាប័ណ្ណស្របច្បាប់ ដោយទទួលបញ្ចាំម៉ូតូខុសប្រក្រតី បើពុំដូចនេះទេ នឹងចាត់វិធានការតាមច្បាប់៕