CPC – កម្ពុជាបណ្តេញជនបរទេសចំនួន ៦៦នាក់ចេញ និងហាមឃាត់មិនឲ្យចូលកម្ពុជា ៣ឆ្នាំ

66

ភ្នំពេញ៖ អគ្គនាយដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនបរទេសចំនួន ៦៦នាក់ចេញពីកម្ពុជាកាលពីថ្ងៃទី២៧ និងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីទើបតែបណ្តេញចេញ២៣០នាក់ កាលពីសប្តាហ៍មុន។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីថ្ងៃទី២៨ ខែកញ្ញា បានឲ្យដឹងថា ក្នុងចំណោមជនបរទេសទាំង៦៦នាក់ដែលត្រូវបានបណ្តេញចេញ មាន០៣សញ្ជាតិ ក្នុងនោះជនជាតិថៃចំនួន៦៤នាក់ ស្រី២៥នាក់ ជនជាតិឥណ្ឌាចំនួន០១នាក់ ភេទប្រុស និងជនជាតិនីហ្សេរីយ៉ាចំនួន០១នាក់ ភេទប្រុស។

ជនបរទេសទាំង ៦៦នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់ គ្មានលិខិតស្នាក់នៅ លួចស្នាក់នៅខុសច្បាប់លើសទិដ្ឋាការកំណត់ និងប្រើប្រាស់លិខិតឆ្លងដែនមិនប្រក្រតី ដែលល្មើសនិងច្បាប់ស្ដីពីអន្តោប្រវេសន៍ ដោយត្រូវធ្វើការបណ្ដេញចេញតាមប្រកាសក្រសួងមហាផ្ទៃ និងហាមឃាត់ការចូលប្រទេសកម្ពុជារយៈពេល០៣ឆ្នាំ។

គួរម្លឹកថា កាលពីសប្តាហ៍មុន ពោលគឺនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានបណ្តេញជនជាតិវៀតណាម និងចិនចំនួន ២៣០នាក់ចេញពីកម្ពុជាផងដែរ ដោយសារពួកគេត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ព័ន្ធបទល្មើសលួចស្នាក់នៅខុសច្បាប់គ្មាន លិខិតឆ្លងដែន លើសទិដ្ឋាការកំណត់ និងប្រើប្រាស់ទិដ្ឋាការខុសគោលដៅ ដែលល្មើសនិងច្បាប់ស្ដីពីអន្តោប្រវេសន៍៕