ផ្ទុះប្រតិកម្មជុំវិញតម្លៃម្ហូបអាហារថ្លៃកប់ពពកនៅរមណីដ្ឋានកៀនស្វាយក្រៅ ត្រូវបានសមត្ថកិច្ចបើកការស្រាវជ្រាវ

30

កណ្តាល៖ បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងក្លា ជុំវិញការលក់ម្ហូបអាហារថ្លៃកប់ពពក នៅរមណីដ្ឋានកៀនស្វាយក្រៅ ក្នុងមូលដ្ឋានខេត្តកណ្តាល កម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុក បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ ចុះស្រាវជ្រាវដល់ទីតាំងរមណីយដ្ឋានកៀនស្វាយក្រៅលើហាងដែលមានយីហោ ឈ្មោះ ស្រស់ ស្រីលីន។

ប្រតិបត្តិការស្រាវជ្រាវនេះ បន្ទាប់ពីមានគណនីហ្វេសបុកឈ្មោះ Je Phea បានធ្វើការបង្ហោះតាមបណ្តាញសង្គមហ្វេសបុកនូវរូបភាពវិក័យប័ត្ររបស់ហាងឈ្មោះ ស្រស់ ស្រីលីននេះ ដោយភ្ជាប់ជាមួយនឹងខ្លឹមសារថា បង្កងគិតមួយឆ្នាំងតម្លៃ ៦៥០០០រៀល ដល់ពេលគិតលុយបែរជាគិតជាគីឡូ ១kg តម្លៃ ៣៥ដុល្លារទៅវិញ ខណៈ២ឆ្នាំ អស់ ២៨០០០០រៀល ឬ៧០ដុល្លារ។

ជុំវិញករណីនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឆ្លើយតបនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ថា បន្ទាប់ពីទទួលបានដំណឹងនេះ លោកអធិការបានបញ្ជាកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ ចុះទៅដល់ហាងយីហោឈ្មោះ ស្រស់ ស្រីលីន ដោយម្ចាស់ហាងមានឈ្មោះ គឹម ប៊ុននី ភេទប្រុស អាយុ៥៧ឆ្នាំ មានទីតាំងនៅរមណីយដ្ឋានវត្តកៀនស្វាយក្រៅ ស្ថិតក្នុងភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងបានសាកសួរពាក់ព័ន្ធករណីខាងលើ ពេលនោះម្ចាស់ហាងបានបកស្រាយថា៖

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១១:០0នាទី មានភ្ញៀវមកអង្គុយលេងនៅគ្រែទឹករបស់គាត់រួចបានកម្ម៉ង់ម្ហូបបង្កងចំនួន ២ឆ្នាំងធំ, មាន់ដុតមួយ, ខ្ចងចំហុយ, ជ្រូកព្រៃ, បាយ, ទឹកកក, ទឹកសុទ្ធ ។

គាត់បានឱ្យភ្ញៀវមើលតម្លៃមុខម្ហូបលើមីនុយសិនចាំកម្ម៉ង់មុខម្ហូប លុះដល់គិតប្រាក់ភ្ញៀវបានតវ៉ាលើមុខម្ហូប បង្កងចំនួន ២ឆ្នាំងធំតម្លៃ ២៨០,០០០៛ ស្មើនឹង ៧០ដុល្លារ។ ភ្ញៀវក៏បានសុំឱ្យគិតប្រាក់មុខម្ហូបបង្កងតម្លៃស្មើម្ហូបជ្រូកព្រៃ គឺមួយឆ្នាំងតម្លៃ ៦៥.០០០ រៀល ២ឆ្នាំង សរុបប្រាក់ ១៣០.០០០៛  ប៉ុន្តែម្ចាស់ហាងមិនព្រមក៏មានការប្រកែកគ្នា ក្រោយមកភ្ញៀវក៏បានព្រមឱ្យប្រាក់គ្រប់ចំនួន និងបានជិះរថយន្តចេញទៅបាត់ទៅ ។

ជុំវិញការបកស្រាយរបស់ខាងភាគីម្ចាស់ទីតាំងហាងយីហោ ស្រស់ ស្រីលីន នេះ សមត្ថកិច្ចបានអប់រំណែនាំ ឱ្យរៀបតម្លៃមុខម្ហូបលើមីនុយឱ្យបានត្រឹមត្រូវ កុំឱ្យកើតមានរឿងហេតុយល់ច្រឡំបែបនេះទៀតបន្តទៀត៕