ភ្នំពេញ៖ បន្ទាប់ពីមានការដាក់ដំណើរការសាកល្បង ធ្វើចរាចរណ៍សាកល្បងដោយឥតគិតថ្លៃរយៈពេលពេញ ១ខែតុលា ឆ្នាំ ២០២២ មានរថយន្តប្រមាណ ១២៥.៩៩៨គ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដោយបានចេញចូលតាមស្ថានីយទាំង ០៨ទីតាំង។
នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ចូនចេញរបាយការណ៍កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។
ក្នុងចំណោមយានយន្តចំនួន ១២៥.៩៩៨គ្រឿង ដែលបានចរាចរណ៍រយៈពេល១០ថ្ងៃកន្លងមកនេះ មានករណីត្រូវការ ការប្រឹក្សាយោបល់ សាកសួរព័ត៌មាន និងស្វែងរកជំនួយសង្គ្រោះ សរុបចំនួន ៣៧៨ខ្សែ ដែលបានធ្វើការទាក់ទងទៅកាន់លេខ១៣៩៩។
ទន្ទឹមនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមស្នើឱ្យប្រជាពលរដ្ឋគ្រប់រូប ចូលរួមស្វែងយល់ និងអនុវត្តតាមសេចក្តីណែនាំឱ្យបានម៉ឺងម៉ាត់ចំពោះគ្រប់លក្ខខណ្ឌក្នុងការបើកបរលើផ្លូវល្បឿនលឿននេះ និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីការធ្វើដំណើររបស់បងប្អូនប្រកបដោយភាពសប្បាយរីករាយ និងសុខសុវត្ថិភាព៕



