ភ្នំពេញ៖ គម្រោងការសាងសង់កំពង់ផែទឹកជ្រៅថ្មី ជម្រៅ ១៤,៥ម៉ែត្រ ជំហានទី១ ក្នុងទំហំទឹកប្រាក់ប្រមាណ ២០៣លានដុល្លារសហរដ្ឋអាមេរិក កំពុងបន្តនីតិវិធីដេញថ្លៃ ដើម្បីដើម្បីចាប់ផ្តើមសាងសង់ នៅដើមឆ្នាំ២០២៣ និងគ្រោងបញ្ចប់ចុងឆ្នាំ២០២៥។
គម្រោងការសាងសង់កំពង់ផែទឹកជ្រៅថ្មីនេះ ត្រូវបានលើកឡើងក្នុងជំនួបរវាងលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកបណ្ឌិត MORI MASAFUMI ទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្រ្តីជប៉ុន កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
បើតាមលោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងនាពេលកន្លងមកថា កំពង់ផែទឹកជ្រៅថ្មីនេះ ធានាដល់ការចូលចតនាវាកុងតឺន័រខ្នាតធំៗ មានចំណុះរហូតដល់ទៅ៦០.០០០តោន ឬស្មើនឹង៩៣ភាគរយ នៃចំនួននាវាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅដើមឆ្នាំ២០២៣ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃបរិមាណកុងតឺន័រ ឆ្លងកាត់កំពង់ផែមួយនេះក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត។
លើសពីនេះទៀត ចំណតកំពង់ផែនេះ គឺជាច្រកសេដ្ឋកិច្ចជាតិមួយយ៉ាងសំខាន់ក្នុងការដោះដូរទំនិញ ផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្មរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ដោយបានតភ្ជាប់ជាមួយ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ផ្លូវដែក ជាពិសេសផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលកំពុងដំណើរសាងសង់ផងដែរ ខណៈប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកនៅកំពង់ផែ នឹងជួយសម្រួលដល់នីតិវិធីចេញ-ចូលកំពង់ផែកម្ពុជាសម្រាប់នាវាដឹកជញ្ជូនទំនិញអន្តរជាតិធំៗ ដូចជាគ្រប់គ្រងសេវាដឹកជញ្ជូនតាមផ្លូវទឹកប្រកបដោយប្រសិទ្ធភាព តម្លាភាព ចំណេញពេលវេលា និង កាត់បន្ថយការចំណាយផ្សេងៗ ជាពិសេសបង្កើនការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងបង្កើតការងារធ្វើជូនពលរដ្ឋកម្ពុជា៕