ភ្នំពេញ ៖ សាឡង់ដឹកខ្សាច់មួយគ្រឿង បានបើកប៉ះស្ពានបាឡេ ក្រឡាប់បោកផ្ទប់ ជាមួយបង្គោលស្ពានរងការខូចខាត ក៏ត្រូវបានសមត្ថកិច្ចបិទចរាចរណ៍ជាបណ្តោះអាសន្ន។
ហេតុការណ៍នេះកើតឡើងកាលពីនៅវេលាម៉ោង៤៖៥០នាទីល្ងាច ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ សាឡង់ដឹកខ្សាច់ខាងលើ បើកបរក្នុងទិសដៅពីត្បូងទៅជើងដោយឡើងបញ្ច្រាស់ខ្សែរទឹកហូរ និងដឹកខ្សាច់ធ្ងន់ផងនោះ ក៏បានប៉ះក្រឡាប់បោកផ្ទប់ជាមួយនឹងបង្គោលគ្រឹះស្ពានតែម្ដង ។
ភ្លាមៗនោះ គេឃើញមនុស្ស៣នាក់ ប្រុស២ស្រី១ បានហែលទឹក រួចផុតគ្រោះថ្នាក់ទាំងអស់ ។ បន្ទាប់មកកម្លាំងមានសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុ រួចរាល់ហើយក៏បានបិទស្ពានបាឡេ ទាំងត្រើយខាងកើតនឹងត្រើយខាងលិច មិនឲ្យចរាចរណ៍ជាបណ្ដោះអាសន្នតែម្តង៕