CPC-ក្រុមគ្រូពេទ្យគ្លីនិកឯកជនដើមអង្គ្រងវះកាត់ដាច់ពោះវៀនច្រលំថាជាទងសុក ខណៈស្រ្តីរងគ្រោះកំពុងសង្រ្គោះបន្ទាន់

299

កំពងស្ពឺ៖ ស្ត្រីមានផ្ទៃពោះ៥ខែកំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាលម៉ែត ក្រោយក្រុមគ្រូពេទ្យគ្លីនិកឯកជនដើមអង្គ្រងទ្វេប្រហែសកាត់ដាច់ពោះវៀនច្រលំថាជាទងសុក កាលពីថ្ងៃទី១០ ខែវិច្ឆការ ឆ្នាំ២០២២កន្លងទៅ។

ស្ត្រីរងគ្រោះឈ្មោះសឿន ស្រីអូន ភេទស្រី អាយុ ២២ ឆ្នាំ មានទីលំនៅក្នុងភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល

តាមប្រភពព័ត៌មានពីសាច់ញាតិរបស់ជនរងគ្រោះបានឲ្យដឹងថា កាលពីនៅថ្ងៃទី ១០ ខែវិច្ឆការ ឆ្នាំ ២០២២កន្លងទៅ ស្ត្រីខាងលើបានបានចូលមកសម្រាកនៅគ្លីនិកដើមអង្គ្រង ដែលមានទីតាំងនៅ តាមបណ្ដោយផ្លូវជាតិលេខ ៣ ឃុំព្រះនិព្វាន ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ។ពោលគឺរោគវិនិច្ឆ័យ រកឃើញថាកូនស្លាប់ក្នុងស្បូនអាយុ ១៨ សប្តាហ៍ ។ ដូច្នេះហើយ ក្រុមគ្រូពេទ្យរបស់គ្លីនិកបានធ្វើការព្យាបាលដោយ រំលូតយកកូនដែលស្លាប់ក្នុងផ្ទៃចេញ និងបន្តសម្រាកនៅគ្លីនិក រយៈពេលមួយយប់ ហើយបានចេញពីគ្លីនិកដើមអង្គ្រងនៅថ្ងៃទី ១១ ខែវិច្ឆការ ឆ្នាំ ២០២២ ។ លុះ
ដល់នៅថ្ងៃទី ២២ ខែវិច្ឆការ ឆ្នាំ ២០២២ ស្ត្រីជាអ្នកជំងឺបានមកគ្លីនិកដដែលម្ដងទៀតដោយរោគសញ្ញាឈឺពោះខ្លាំងនៅផ្នែកខាងក្រោម រួចគ្រូពេទ្យក៏បានធ្វើការសំអាតស្បូនឡើងវិញ ។ ដោយអាការៈធ្ងន់ធ្ងរគ្លីនិកក៏បានបញ្ជូនស្ត្រីអ្នកជំងឺទៅព្យាបាលបន្តនៅទីក្រុងភ្នំពេញ ដោយបញ្ចូនបន្តមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាលម៉ែត ។

ជុំវិញបញ្ហានេះធ្វើឱ្យ មហាជនរិះគន់យ៉ាងខ្លាំង ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គម ចំពោះគ្រូពេទ្យនៅមន្ទីរសម្រាកព្យាបាល ឬគ្លីនិកដែលបានទ្វេប្រហែសបង្កឱ្យស្រ្តីខាងលើស្ទើតែបាត់បងជិវិត ។

គួរបញ្ជាក់ផងដែរថា មកទល់ថ្ងៃទី២៩ ខែវិច្ឆការ ឆ្នាំ២០២២នេះ មន្រ្តីជំនាញរបស់ក្រសួងសុខាភិបាល រួមទាំងមន្ទីសុខាភិបាលខេត្តកំពង់ស្ពឺ បានចុះទៅដល់ទីតាំង ដើម្បីសួរនាំ ត្រួតពិនិត្យ និងអនុវត្តតាមវិធានការសុខាភិបាល៕