CPC-មកដឹងពីជីវប្រវត្ត និងការតស៊ូ របស់ស្តេចបាល់ទាត់ប្រេស៊ីលPELE ខណៈដែលលោកបានទទួលមរណៈភាពដោយសារ ជំងឺមហារីកពោះវៀនធំ

30

ប្រេស៊ីល៖ លោក Pelé ដែលមានឈ្មោះពិតថា Edson Arantes do Nascimento បានកើតនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៤០ ក្នុងតំបន់ Três Corações នៃរដ្ឋ Minas Gerais ភាគអាគ្នេយ៍ប្រទេសប្រេស៊ីល។ លោកបានធំដឹងក្តី នៅក្នុងស្ថានភាពក្រីក្រ នៅទីក្រុង Bauru នៃរដ្ឋសៅប៉ូឡូ ហើយលោកក៏បានធ្វើជាអ្នកបម្រើ ក្នុងហាងតែមួយដើម្បីរកចំណូលចិញ្ចឹមជីវិត។
Pelé ជាកុមារឈ្លក់វង្វេងនឹងបាល់ទាត់ខ្លាំងបំផុត ប៉ុន្តែដោយសារជីវភាពទីទាល់ក្រ ពុំមានលទ្ធភាពទិញសម្ភារៈបាល់ទាត់ត្រឹមត្រូវឡើយ ដូចនេះរូបគាត់ ក៏បានយកក្រដាសកាសែត ឬសំបកក្រូចថ្លុងចងជាមួយខ្សែធ្វើជាស្បែកជើង។

នៅក្នុងឆ្នាំ១៩៥៣ កុមារា Pelé ត្រូវបានគ្រួសារបញ្ជូនទៅហ្វឹកហាត់បាល់ទាត់ នៅឯសាលាថ្នាលក្លិប Bauru Atlético Clube ដោយចំណាយពេល៣ឆ្នាំ ដើម្បីក្រេបជញ្ជក់ចំណេះជំនាញនៅទីនោះ។ យុវជន Pelé បានក្លាយជាកីឡាករអាជីពនៅឆ្នាំ១៩៥៦ ពោលនៅអាយុ១៦ឆ្នាំ ជាមួយក្លិប Santos នៃលីគកំពូលប្រេស៊ីល ដោយចំណាយពេល១៨ឆ្នាំ នៅទីនោះ មុនផ្លាស់ទៅចូលរួមក្លិប New York Cosmos របស់អាមេរិក នៅក្នុងឆ្នាំ ១៩៧៥ ដល់ឆ្នាំ១៩៧៧ ជាកន្លែងដែលលោកបញ្ចប់អាជីពរបស់ខ្លួន។
Pelé ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិប្រេស៊ីល នៅក្នុងឆ្នាំ១៩៥៧ នៅអាយុ១៧ឆ្នាំ ដោយចំណាយពេល១៤ឆ្នាំ ដើម្បីបំពេញភារកិច្ចសម្រាប់ប្រទេសរបស់ខ្លួន។

លោក Pelé បានស៊ុតបញ្ចូលទីជាកំណត់ត្រាពិភពលោក ១,២៨១គ្រាប់ ជាមួយនឹងការបង្ហាញខ្លួនសរុបបាន ១,៣៦៣ប្រកួត ក្នុងអំឡុងពេលអាជីព២១ឆ្នាំរបស់រូបលោក ដែលក្នុងនោះរួមមានទាំង ៧៧គ្រាប់ពីការបង្ហាញខ្លួន៩២ប្រកួត សម្រាប់ក្រុមសាំប៉ាប្រេស៊ីល ហើយលោកក៏ជាកីឡាករតែម្នាក់គត់លើលោក ដែលឈ្នះ World Cup រហូតដល់៣ដង ពោលគឺនៅឆ្នាំ១៩៥៨, ១៩៦២ និង ១៩៧០ ដែលសមល្មមឱ្យគាត់ ត្រូវបានគេដាក់ឈ្មោះថា FIFA’s Player of the Century នៅក្នុងឆ្នាំ២០០០។
នៅអំឡុងខែមករា ឆ្នាំ១៩៩៥ លោក Pelé ត្រូវបានតែងតាំងដោយអតីតប្រធានធិបតីប្រេស៊ីល លោក Fernando Cardoso ឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងកីឡា ក្រោយចូលនិវត្តន៍ពីអាជីពអស់ជាង២០ឆ្នាំ។ នៅក្នុងអំឡុងពេលកាន់តំណែង លោកបានស្នើឱ្យមានការបង្កើតច្បាប់ប្រឆាំងអំពើពុករលួយក្នុងសមាគមបាល់ទាត់ប្រស៊ីលផងដែរ មុនពេលលោកលាលែងពីតំណែងនៅចុងខែមេសា ឆ្នាំ១៩៩៨។

យ៉ាងណាមិញ នៅឆ្នាំ២០០១ លោកត្រូវបានចោទប្រកាន់ថា បានលួចលុយ៧០ម៉ឺនដុល្លារពីអង្គការយូនីសេហ្វ (UNICEF) សម្រាប់ការរៀបចំប្រកួតសប្បុរសធម៌មួយ ខណៈដែលលុយទាំងនោះមិនបានផ្ញើត្រឡប់មកវិញ បន្ទាប់ពីការប្រកួត ត្រូវបានលុបចោល។ ប៉ុន្តែទោះយ៉ាងណា មកទល់ពេលនេះ គ្មានភស្តុតាងណាមួយបញ្ជាក់ថា រូបលោកជាអ្នកប្រព្រឹត្តិនោះទេ ហើយអង្គការយូនីសេហ្វ ក៏បានបដិសេធរឿងនេះផងដែរ។

ជាមួយគ្នានេះ លោក Pelé បានរៀបការ៣ដង និងមានទំនាក់ទំនងស្នេហាជាមួយនារីជាច្រើននាក់ ដោយបង្កើតបានកូនប្រុសស្រីជាច្រើននាក់ផងដែរ។ នៅឆ្នាំ១៩៦៦ លោកបានរៀបការជាមួយលោកស្រី Rosemeri dos Reis Cholbi ដោយមានកូនប្រុសស្រីចំនួន៣នាក់ មុនពេលលែងលះគ្នានៅក្នុងឆ្នាំ១៩៨២។ នៅឆ្នាំ១៩៩៤ លោកបានរៀបការជាលើកទី២ ជាមួយលោកស្រី Assíria Lemos Seixas ដែលជាតារាចម្រៀង និងជាអ្នកចិត្តសាស្ត្រផងដែរ ដោយមានកូនភ្លោះជាមួយគ្នា មុនពេលលែងលះនៅក្នុងឆ្នាំ២០០៨។ ចំណែកប្រពន្ធទី៣ និងចុងក្រោយរបស់លោក Pelé គឺលោកស្រី Marcia Aoki ដែលជាជនជាតិជប៉ុនកើតនៅប្រេស៊ីល ដោយបានរៀបការនៅក្នុងឆ្នាំ២០១៦។

គួរបញ្ជាក់ផងដែរថា មរណភាពលោក Pelé បានធ្វើឱ្យកក្រើកពិភពលោក ខណៈដែលលោកគឺជាកំពូលកីឡាករបាល់ទាត់ និងជាបុគ្គលល្បីល្បាញលើវិស័យនេះ។ ទទឹមនេះមនុស្សនៅជុំវិញពិភពលោក បានបង្ហោះសាររំលែកទុក្ខចំពោះការបាត់បង់ស្តេចបាល់ទាត់រូបនេះ ដែលជាគំរូសម្រាប់អ្នកជំនាន់ក្រោយផងដែរ៕

FILE PHOTO: Pele – Brazil celebrates a goal Action Images via Reuters