CPC-អារ៉ាប៊ីសាអូឌីត និងផ្តល់កញ្ចប់ជំនួយមនុស្សធម៌ដែលមានតម្លៃ ៤០០ លានដុល្លារ ដល់អ៊ុយក្រែន

45

ម៉ាកាស់៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan បានទៅធ្វើទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃអាទិត្យ ដោយបានជួបជាមួយប្រធានាធិបតីលោក Vladimir Zelensky នៅក្នុងរដ្ឋធានីអ៊ុយក្រែន។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន RT នាពេលថ្មីៗនេះបានឲ្យដឹងថា កញ្ចប់ជំនួយមនុស្សធម៌ ដែលប្រទេសអារ៉ាប៊ីសាអូឌីត ប្រកាសផ្តល់ជូនអ៊ុយក្រែននាពេលនេះ គឺមានតម្លៃ ៤០០ លានដុល្លារ ដែលបានប្រកាសក្នុងអំឡុងពេលដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលរបស់រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីតទៅកាន់ទីក្រុងកៀវនេះតែម្តង។

ជុំវិញការប្រកាសផ្តល់ជំនួយនេះ គឺបន្ទាប់ពីព្រះរាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman កាលពីខែតុលាឆ្នាំមុន បានប្រកាសម្តងរួចមកហើយ បន្ទាប់ពីព្រះអង្គបានពិភាក្សាតាមទូរស័ព្ទជាមួយលោក Zelensky ប្រធានាធិបតីប្រទេសអ៊ុយក្រែន។

ទោះបីជាមានការប្រកាសផ្តល់ជំនួយដល់ភាគីប្រទេសអ៊ុយក្រែនក៏ពិតមែន ក៏ប្រទេសអារ៉ាប៊ីសាអូឌីត ក៏បានអំពាវនាវម្តងហើយម្តងទៀត ឱ្យទាំងភាគីប្រទេសរុស្ស៊ី និងអ៊ុយក្រែនបង្ហាញការអត់ធ្មត់ និងតស៊ូមតិដើម្បីកាត់បន្ថយការកើនឡើងនៃវិបត្តិដែលកំពុងបន្តកើតមានផងដែរ៕