កំពង់ធំ៖ ដើម្បីរៀបចំពិធីបុណ្យទន្លេលើកទី៧ ដែលប្រារព្ធរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ រដ្ឋបាលខេត្តកំពង់ធំបានចេញសេចក្តីជូនដំណឹងអំពីការបិទផ្លូវមួយចំនួនដូចជាបិទផ្លូវសម្រាប់ប្រភេទរថយន្តក្រុង និងរថយន្តធុនធំមិនឲ្យចូលក្រុងរយៈពេល ៦ថ្ងៃ ការផ្អាកចរាចរណ៍លើស្ពានកំពង់ធំមួយថ្ងៃ និងបិទផ្លូវស្ទឹងសែនមួយថ្ងៃជាដើម។
យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តកំពង់ធំដែលបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣នេះបានឲ្យដឹងថា ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ សុវត្ថិភាព អនាម័យ និងសោភ័ណភាពក្នុងពិធីបុណ្យទន្លេលើកទី៧ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងរឹងបន្តឹង និងជម្រាបជូននូវការងាររៀបចំមួយចំនួនដូចជា៖
១. គ្រប់រថយន្តក្រុង និងរថយន្តធំៗ មិនត្រូវអនុញ្ញាតឲ្យចូលក្រុង ដោយត្រូវបញ្ចៀសទៅផ្លូវវៀងក្រុង ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣។
២. ផ្អាកចរាចរណ៍លើស្ពានកំពង់ធំ ចាប់ពីម៉ោង ១៦៖០០នាទី ដល់ម៉ោង ២២៖០០នាទីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣។
៣. បិទផ្លូវស្ទឹងសែន ចាប់ពីម៉ោង ១៦៖០០នាទី ដល់ម៉ោង២២៖០០នាទីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ ដោយត្រូវបញ្ចៀសចរាចរណ៍ទៅផ្លូវប្រជាធិបតេយ្យ ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ធំក៏បានផ្អាកការលក់ដូរនៅផ្សារស្ទឹងសែន និងផ្សារកំពង់ធំចាប់ពីម៉ោង ១២៖០០ ដល់ម៉ោង ២៤៖០០ នាទីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ផងដែរ៕