CPC – រថយន្តសាម៉ុយរបស់មន្ទីរពេទ្យកាល់ម៉ែត ជ្រុលទៅបុកអ្នកដើរឆ្លងផ្លូវ ខណៈដឹកអ្នកជំងឺទៅផ្ទះ

173

ភ្នំពេញ៖ រថយន្តសាម៉ុយរបស់មន្ទីពេទ្យកាល់ម៉េត បានជ្រុលទៅបុកស្ត្រីខ្មែ- ឥស្លាមម្នាក់ដែលកំពុងដើរឆ្លងផ្លូវ បណ្តាលឲ្យដួលបោកផ្ទប់ទៅនឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ៧៖៣០នាទីយប់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ០៥ ត្រង់ចំណុចគីឡូម៉ែត្រលេខ០៨ ក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ជនរងគ្រោះខ្មែរឥស្លាមខាងលើ មានឈ្មោះ ឆីវ ស្មៀន អាឈីរ៉ាស់ អាយុជាង៤០ឆ្នាំ មានទីលំនៅឋានក្បែរកន្លែងកើតហេតុខាងលើ ។

រថយន្តបង្កជាប្រភេទរថយន្តសាម៉ុយរបស់មន្ទីរពេទ្យកាល់ម៉ែត ពណ៌ស ពាក់ស្លាកលេខ រដ្ឋ១២ 2-1759 បើកបរដោយបុគ្គលិកជាបុរសម្នាក់ គ្រូពេទ្យរួមដំណើរម្នាក់ អ្នកជំងឺម្នាក់ និងសាច់ញាតិ ២នាក់ ដែលកំពុងធ្វើដំណើរដឹកអ្នកជំងឺទៅផ្ទះវិញនៅខេត្តកំពង់ឆ្នាំ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានដើរឆ្លងផ្លូវពីផ្ទះម្តាយមីងទៅផ្ទះរបស់ខ្លួនវិញ ប៉ុន្តែខណៈនោះមិនដឹងថាមូលហេតុអ្វីនោះទេស្រាប់តែមានរថយន្តសាម៉ុយ ទៅបុកស្ត្រីរងគ្រោះខាងលើពីមុខពេញទំហឹង បណ្តាលអោយដួលបោកផ្ទប់ទៅនឹងថ្នល់បែកក្បាលស្លាប់ភ្លាមៗក្នុងថ្លុកឈាមតែម្តង ។

ក្រោយកើតហេតុ ក្រុមគ្រូពេទ្យនៃរថយន្តបង្កបានព្យាយាមជួយសង្គ្រោះបឋមដល់ស្ត្រីរងគ្រោះខាងលើដែរ ប៉ុន្តែជាអកុសលស្ត្រីរងគ្រោះខាងលើបានស្លាប់បាត់បង់ជីវិតទៅហើយ រួមខាងរថយន្តដឹកអ្នកជំងឺ ក៏បានទំនាក់ទំនងទៅរថយន្តសាម៉ុយមួយគ្រឿងទៀត ដើម្បីផ្ទេរអ្នកជំងឺ ដឹកអ្នកជំងឺបន្តត្រឡប់ទៅផ្ទះវិញនៅក្នុងខេត្តកំពង់ឆ្នាំង។

ហើយអ្នកបើករថយន្តបង្ក រួមជាមួយគ្រូពេទ្យរួមដំណើរម្នាក់ទៀតមិនបានចាកចេញពីកន្លែងកើតហេតុនោះទេ ពោលគឺបានប្រគល់ខ្លួនជូនសមត្ថកិច្ចដើម្បីដោះស្រាយតាមនីតិវិធីច្បាប់នៅនឹងមូលដ្ឋានកើតហេតុ។

ក្រោយកើតហេតុ កម្លាំងនគរបាលមូលដ្ឋាន បានសហការជាមួយនគរបាលជំនាញ ចុះអន្តរាគមន៍ធ្វើការវាស់វែង រួចនាំយកអ្នកបើកបរ និងអូសយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕