ភ្នំពេញ ៖ ដោយមានការណែនាំពីឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នេះ ឯកឧត្តម ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការត្រួតពិនិត្យតាមដាន និងវាយតម្លៃសេវាវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រឯកជន បានដឹកនាំមន្ត្រីជំនាញធ្វើការចុះត្រួតពិនិត្យមន្ទីរពេទ្យឯកជនចំនួន២ ក្នុងរាជធានីភ្នំពេញ ។
ឯកឧត្តម ង៉ូវ កាងបានបញ្ចាក់អោយដឹងថា ការចុះត្រួតពិនិត្យនេះមិនមែនត្រឹមតែមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញនោះទេ ពោលគឺទូទាំងប្រទេសកម្ពុជា ដើម្បីអោយប្រាកដថា នៅតាមបណ្ដាមន្ទីរសំរាកព្យាបាលឯកជន ត្រូវតែមានវិជ្ជាជីវៈ និងសម្ភារបរិក្ខាស្របទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល មុនឈានការផ្ដល់ជូនពលរដ្ឋ ខណៈបច្ចុប្បន្នប្រមុខរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើវិស័យសុខាភិបាលកម្ពុជា ពិសេសអ្នកផ្ដល់សេវាទៅដល់ពលរដ្ឋ ។ លោកបានបន្ថែមថា គ្រប់គ្លីនិកទាំងអស់ត្រូវស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងគណៈគ្រូពេទ្យដើម្បីជៀសពីបញ្ហាដែលអាចកើតឡើងលើទីតាំងរបស់ខ្លួន ។
ទន្ទឹមនឹងនេះ ឯកឧត្តមបានសង្កត់ធ្ងន់ថា វារឿងគ្រោះថ្នាក់បំផុតក្នុងការផ្ដល់សេវាដែលមិនមានវិជ្ចាជីវៈ ដែលធ្វើអោយគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋ ដោយលោកចាត់ទុកថា ជាការបំពានវិជ្ចាជីវៈ ដូច្នេះហើយគ្រប់ទីតាំងផ្ដល់សេវាទាំងអស់តម្រូវអោយមានការធ្វើកិច្ចសន្យា និងត្រូវតែគោរពតាម ការអនុលោម ក្នុងការជ្រើសរើសបុគ្គលិកក្រុមគ្រូពេទ្យ ទាំងអស់ត្រូវតែមានការឆ្លងកាត់គណៈវិជ្ចាជីវៈ បទពិសោធន៍ត្រឹមត្រូវដែលទទួលស្គាល់ពីក្រសួងសុខាភិបាល ។
ជាមួយគ្នានេះ ឯកឧត្តមបានសំណូមពរដល់ អ្នកទទួលសេវាជាពិសេសបងប្អូនប្រជាពលរដ្ឋ មុនជ្រើសរើសទីតាំងផ្ដល់សេវាត្រូវមានការសួរនាំ និងស៊ើបអោយបានច្បាស់ជៀសវាងការទទួលសេវាតាមគ្នា ដោយឡែកប្រសិនបើឃើញមានទីតាំងដែលផ្ដល់សេវាមិនមានលក្ខណៈសុវត្តិភាព សូមផ្ដល់ព័ត៌មានមកក្រសួងសុខាភិបាល ដែលមានគណៈកម្មការត្រួតពិនិត្យ តាមដានវាយតម្លៃ សេវាវិជ្ជសាស្រ្ត និងធ្វើការចុះត្រួតពិនិត្យទីតាំង នោះដើម្បីកែតម្រូវ ឬ អាចឈានទៅដល់ការបិតតែម្តង ក្នុងករណីរកឃើញកំហុសធ្ងន់ធ្ងរ ៕