ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋានខណ្ឌឬស្សីកែវ បានធ្វើការឃាត់រថយន្តសង្ស័យកែច្នៃខុសបច្ចេកទេសបំពាក់បំពង់ស៊ីម៉ាំងប្រែនឮៗ បានចំនួន ១៦គ្រឿង បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋល្អ អំពីការប្រមូលផ្តុំរថយន្តទាំងនោះនៅក្នុងទីតាំងស្ថានីយ៍លក់ប្រេងឥន្ធនៈមួយកន្លែង ដែលបង្កសម្លេងរំខានដល់ប្រជាពលរដ្ឋ។
ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ៩៖០០យប់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នៅចំណុចក្បែរក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ស្ថិតនៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ។
បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ពីដំបូងខាងម្ចាស់រថយន្តមិនព្រមសហការជាមួយនឹងសមត្ថកិច្ចឡើយ ដោយចង់ព្យាយាមបើកចេញពីស្ថានីយ៍ប្រេង ប៉ុន្តែត្រូវបានកងកម្លាំងអធិការដ្ឋានខណ្ឌឬស្សីកែវប្រើធម៍ក្ដៅឡោមព័ន្ធរថយន្តមិនអោយបើកចេញ និងបានទាក់ទងទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីយករថយន្តមកស្ទួច លុះពេលការិយាល័យចរាចរណ៍បានមកដល់ ទើបអ្នកបើកបររថយន្តទាំង១៦គ្រឿងបានមកសុំទោសសមត្ថកិច្ច និងព្រមបើករថយន្តទៅតាមសមត្ថកិច្ចតាមសម្រួល។
បច្ចុប្បន្ន រថយន្តទាំង១៦ត្រូវបាន កម្លាំងសមត្ថកិច្ចការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាំទៅរក្សាទុកបណ្ដោះអាសន្នសិន៕