ភ្នំពេញ៖ ទីតាំងឃ្លាំងស្តុកគ្រឿងបន្លាស់រថយន្តមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង បើទោះបីជាសមត្ថកិច្ចជំនាញចេញអន្តរាគមន៍ជួយបាញ់ពន្លត់យ៉ាងណា តែដោយ ដោយសារទីតាំងឆេះខាងលើ ជាទីបិទជិត និងមានរបាំងថ្មហ៊ុព័ន្ធជុំវិញ ដែលធ្វើឲ្យកងកម្លាំងពន្លត់អគ្គិភ័យចំណាយពេលអន្តរាគមន៍បាញ់ពន្លត់អស់រយៈពេល ៧ម៉ោង ទើបអាចគ្រប់គ្រងបានទាំងស្រុង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង ៨៖០០ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ នៅចំណុចទីតាំងឃ្លាំងស្តុកគ្រឿងបន្លាស់រថយន្ត ភូមិបាយ៉ាប តាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធី មូលដ្ឋានសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីពលរដ្ឋនៅជិតទីតាំងឃ្លាំងដែលឆាបឆេះនេះបានឱ្យដឹងថា នៅមុនពេលកើតហេតុឃើញមានផ្សែងហ៊ុយចេញពីខាងក្នុងឃ្លាំង លុះបន្តិចក៏ស្រាប់តែអណ្ដាតភ្លើងខ្មួលខ្មាញ់កាន់តែខ្លាំងទៅៗ រហូតមិនអាចគ្រប់គ្រងបានក៏បានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន រួចអាជ្ញាធរមូលដ្ឋានបានទំនាក់ទំនងទៅកម្លាំងនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចេញរថយន្តជួយអន្តរាគមន៍ភ្លាមៗតែម្តង។
បើតាមលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានលោកបានបញ្ជារថយន្តគ្រប់គោលដៅនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឲ្យចេញរថយន្តដើម្បីជួយបាញ់ពន្លត់ឲ្យទាន់ពេលវេលា។
លោកបានឲ្យដឹងថា ក្នុងការជួយអន្តរាគមន៍បាញ់ពន្លត់នេះអាជ្ញាធរមានផលលំបាកដោយសារតែទីតាំងឃ្លាំងមានច្រកបាញ់តែមួយផ្លូវ និងទីតាំងមានការបិទជិតថែមទាំងមានរបងថ្មព័ទ្ធជុំវិញផងដែរ ដែលធ្វើឲ្យកម្លាំងជំនាញមានការលំបាកក្នុងការជួយអន្តរាគមន៍ឲ្យទាន់ពេលវេលា។
ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះបណ្ដាលឲ្យឆេះខូចខាត ឃ្លាំងជញ្ជាំងថ្មប្រកសង្ហសី ទំហំ ១៦ម៉ែត្រគុណ ៣០ម៉ែត្រ រថយន្តម៉ាក កាមរីបាឡែន១គ្រឿង សម្ភារៈគ្រឿងបន្លាស់រថយន្ត រួមមាន ប្រេងម៉ាស៊ីនជាដើម ត្រូវបានឆាបឆេះខូចខាតអស់ទាំងស្រុង ដែលប្រើប្រាស់ទឹកអស់ចំនួន៧២ឡាន ទើបគ្រប់គ្រងទីតាំងឆេះបាន៕