ភ្នំពេញ៖បុរសម្នាក់បានបាត់បង់ជីវិតនៅនិងកន្លែងកើតហេតុភ្លាមៗ ខណៈពេលជិះម៉ូតូឌ្រីមសង់មួយគ្រឿងក្នុងលឿនមិនប្រយ័ត្ន ក៏បានរេចង្កូតទៅបុកខឿនសួនច្បារពុះចែកផ្លូវ បណ្តាលឲ្យផ្លោងបោកផ្ទប់នឹងបង្គោលភ្លើងត្រូវចំក្បាលយ៉ាងធ្ងន់ធ្ងររហូតបាត់បង់ជីវិតភ្លាមៗតែម្តង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១៖៤០នាទីយប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សពជនរងគ្រោះ មានឈ្មោះ សៅ សុខន ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅ ក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KA-0670។
បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូតែម្នាក់ឯង ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦Aក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកខឿនសួនច្បារពុះចែកផ្លូវបណ្តាលអោយដួលម៉ូតូនៅកណ្តាលផ្លូវ ចំណែកឯបុរសរងគ្រោះវិញបានផ្លោងបោកក្បាលនិងបង្គោលភ្លើង ស្លាប់យ៉ាងអាណោចអាធ័ម ហើយភ្លាមនោះដែរបានពលរដ្ឋជិតខាង បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានអោយចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ។
បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានសង្កាត់ព្រែកលៀបចុះមកដល់រួចក៏បានទាក់ទងទៅខាងមន្ត្រីផ្នែកជំនាញចរាចរណ៍ឲ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា រួចធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕