CPC – ចំណុចទាំងនេះ ដែលធ្វើឲ្យឥណ្ឌូនេស៊ីក្លាយជាប្រទេសដែលមានការអភិវឌ្ឍន៍ខ្លាំង និងអាចឆ្ពោះទៅធ្វើជាមហាអំណាចសេដ្ឋកិច្ចថ្មីរបស់ពិភពលោក

19

ចាកាតា៖ ប្រទេសឥណ្ឌូនេស៊ីជាប្រទេសស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ដែលមានប្រជាជនច្រើនជាងគេ លេខរៀងទី៤ នៃលំដាប់ថ្នាក់ពិភពលោករហូតដល់ ២៩០លាននាក់ និងព្យាករណ៍អាចឡើងដល់ ៣២៤លាននាក់ក្នុងឆ្នាំ២០៤០ ជាមួយផ្ទៃដីដែលដែលសម្បូរទៅដោយប្រជុំកោះច្រើនជាង ១៧០០០កោះ ដោយក្នុងនោះមានប្រមាណ ៥ពាន់កោះ ពុំទាន់មានមនុស្សរស់នៅឡើយ។

ប្រទេសឥណ្ឌូនេស៊ី ជាប្រទេសដែលមានអ្នកកាន់សាសនាឥស្លាមច្រើនជាងគេលើពិភពលោក រហូតដល់៩០% នៃប្រជាជនសរុបដែលប្រើប្រាស់ភាសាផ្លូវការជាភាសាដើម បាហាសា និងភាសាហូឡង់ ជាភាសាទំនាក់ទំនងការទូត ក្រោយឥណ្ឌូនេស៊ីធ្លាប់ស្ថិតក្រោមអាណានិគមហូឡង់ប្រមាណ ៣០០ឆ្នាំ។

ប្រទេសឥណ្ឌូនេស៊ី ត្រូវបានគេចាត់ទុកជាប្រទេសដែលសម្បូរទៅដោយអ្នកចេះដឹងផងដែរ ដោយសារពលរដ្ឋឥណ្ឌូនេស៊ីប្រមាណជាង ៩០% ជាពលរដ្ឋដែលចេះអក្សរ។ លើសពីនេះឥណ្ឌូនេស៊ីជាប្រទេសដែលមានការគោរពលទ្ធិប្រជាធិបតេយ្យពេញលេញ មានការអភិវឌ្ឍន៍ សម្បូរសប្បាយ ខណៈបច្ចុប្បន្នស្ថិតក្រោមការដឹកនាំដោយលោកប្រធានាធិបតី ចូកូ វីដូដូ។

បើនិយាយខាងផ្នែកសេដ្ឋកិច្ចវិញ ឥណ្ឌូនេស៊ី បើទោះបីជាមិនសូវមានឈ្មោះល្បីល្បាញលើឆាកអន្តរជាតិដូចទៅនឹងមហាអំណាចអាមេរិក ចិន រុស្ស៊ី និងអឺរ៉ុបក្តី ប៉ុន្តែក្នុងនាមជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតទី៤លើសកលលោក បានធ្វើឲ្យកំណើនសេដ្ឋកិច្ចឥណ្ឌូនេស៊ីមានភាពរឹងមាំមិនធម្មតាឡើយ ខណៈអ្នកជំនាញជាច្រើនបានព្យាករណ៍ថា ឥណ្ឌូនេស៊ី កំពុងដើរលើវិថីមួយដែលអាចក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចរបស់សកលលោកជាមិនខានក្នុងពេលអនាគត។

បើតាមធនាគារអភិវឌ្ឍអាស៊ី ឬ ADB ដែលទើបតែបានធ្វើការស្រាវជ្រាវទិន្នន័យសេដ្ឋកិច្ចនាពេលកន្លងមកបានធ្វើការព្យាករណ៍ថា ក្នុងពេលដែលពិភពលោកកំពុងជួបវិបត្តិ ប៉ុន្តែសេដ្ឋកិច្ចឥណ្ឌូនេស៊ី គឺនឹងមានកំណើនដល់ទៅ៥ភាគរយនៅក្នុងឆ្នាំ២០២២ ហើយមានប្រមាណជា ៥,២ភាគរយនៅក្នុងឆ្នាំ២០២៣។

ប្រទេសឥណ្ឌូនេស៊ី មានសេដ្ឋកិច្ចពឹកផ្អែកលើ ទីផ្សារជាមូលដ្ឋានគ្រឹះ ដែលមានន័យថា តម្លៃទំនិញគឺអាស្រ័យទៅលើតម្រូវការ និងការផ្គត់ផ្គង់ដែលមិនមានការចូលរួមពាក់ព័ន្ធខ្លាំងពីអជ្ញាធរឡើយ។ ទោះបីជាមិនសូវមានភាពលេចធ្លោនៅក្នុងសហគមន៍អន្តរជាតិក្តី ប៉ុន្តែជាយូរមកហើយ ឥណ្ឌូនេស៊ី ក៏ជាអ្នកផ្គត់ផ្គង់ហ្គាស និងប្រេងឆៅដ៏សំខាន់មួយនៅក្នុងទីផ្សារអន្តរជាតិផងដែរ ហើយក្រៅពីនោះក៏មានមុខទំនិញសំខាន់ៗផ្សេងទៀតដូចជា តែ កាហ្វេ កាកាវ បារី ប្រេងដូង និងប្រេងឆាផងដែរ។

បច្ចុប្បន្ននេះ លទ្ធភាពដើម្បីឲ្យឥណ្ឌូនេស៊ីក្លាយជាមហាអំណាចនោះគឺពិតជាមានខ្ពស់ណាស់ ពីព្រោះថាមានអ្នកជំនាញសេដ្ឋកិច្ចល្បីៗបានធ្វើការអះអាងស្រដៀងគ្នានេះ ហើយក្នុងនោះការព្យាករណ៍ដោយ WamamuStats និងការព្យាករណ៍ដោយអង្គការប្រឹក្សាសេវាកម្មសកលឬ PWC បានបង្ហាញកំណើនសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ីនឹងកើនឡើងពីលេខរៀងទី៨របស់ពិភពលោកនៅក្នុងឆ្នាំ២០១៦ទៅដល់លេខរៀងទី៤នៅត្រឹមឆ្នាំ២០៥០ប៉ុណ្ណោះ។

ទោះជាយ៉ាងនេះក្តី ប្រទេសឥណ្ឌូនេស៊ី ជាប្រទេសមួយដែលប្រឈមនឹងហានីភ័យនៃគ្រោះធម្មជាតិខ្លាំង ដោយសារទីតាំងភូមិសាស្ត្រនៃប្រទេសនេះ ស្ថិតនៅតាមខ្សែក្រវាត់ភ្លើង នៃសមុទ្រប៉ាស៊ីហ្វិច ដែលជាតំបន់ដែលមានសម្បកផែនដីស្តើង ងាយទទួលរងបាតុភូតបាក់ដី បន្ទុះភ្នំភ្លើង ព្យុះ សូណាមិក បើធៀបនឹងបណ្តាប្រទេសផ្សេងទៀតនៅតំបន់អាស៊ីអាគ្នេយ៍ ពិសេសប្រទេសមួយនេះគ្មានរដូវប្រាំងឡើយ ពោលមានភ្លៀងធ្លាក់ស្ទើរាល់ថ្ងៃពេញ១ឆ្នាំតែម្តង៕