CPC-រដ្ឋបាលស្រុកស្រីសន្ធរបំភ្លឺ ជុំវិញការចោទប្រកាន់អាជ្ញាធរពាក់ព័ន្ធនឹងការឈូសឆាយដីបឹងចារ

66

កំពងចាម៖ រដ្ឋបាលស្រុកស្រីសន្ធរបានចេញសេចក្ដីបំភ្លឺ បន្ទាប់ពីមានការចែករំលែក ពេញបណ្ដាញសង្គម ជុំវិញការលើកឡើងរបស់ពលរដ្ឋស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានចោទប្រកាន់អាជ្ញាធរស្រុក ឃុំ ពាក់ព័ន្ធនឹងការឈូសឆាយដីបឹងចារ ដែលស្ថិតនៅឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាមកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣បានឲ្យដឹងថា៖ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ មានការចែកចាយតាមបណ្ដាញសង្គមនានា នូវវីឌីអូ មានរយៈពេល៩នាទី៣១វិនាទីរបស់បុរសម្នាក់ឈ្មោះឌុស ភាស អាយុ៤៥ឆ្នាំ រស់នៅភូមិព្រែករំដេង ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពងចាម ដែលបានធ្វើការចោទប្រកាន់មកលើអាជ្ញាធរស្រុក និងអាជ្ញាធរឃុំ អំពីការឃុបឃិត ឈូសឆាយដីបឹងចា ។

រហូតដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ អាជ្ញាធរជំនាញ និងអាជ្ញាធរ ជួបជាមួយ សាម៉ីខ្លួនផ្ទាល់ បានបកស្រាយថាខ្លួន មានការយល់ច្រឡំ ទើបមានការប្រើប្រាស់ពាក្យសំដីជ្រុលហួសហេតុធ្វើឲ្យប៉ះពាល់ថ្នាក់ដឹកនាំ ក៏ដូចជាអាជ្ញាធរនានា ឈានដល់ការចោទប្រកាន់ខុសការពិត ជាមួយគ្នានេះ សាម៉ីខ្លួនបានធ្វើការសុំទោសជាសាធារណៈ តាមរយៈបណ្ដាញសង្គមផងដែរ ។

នៅក្នុងលិខិតប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាមបានបន្តថា៖ ក្រុមការងារខេត្តចុះបញ្ចីដីធ្លីជាលក្ខណៈប្រព័ន្ធ បាននឹងកំពុងដំណើរការចុះបញ្ជីដោយប្រុងប្រយ័ត្ន នៅតំបន់នេះ។ ទន្ទឹមនឹងនេះរដ្ធបាលខេត្តកំពងចាម ក៏បានធ្វើការហាមឃាត់ការចុះបញ្ជីដីធ្លីដែលមានភាពមិនប្រក្រតី ។ ចំពោះការឈូសឆាយដីទំហំប្រហែលមួយហិកតា ជាល្បិចកលរបស់ជនខិលខូច ដែលមានចេតនាឈូសឆាយអោយបានស្អាត ដើម្បីបន្លំមន្រ្តីចុះវាស់វែងឲ្យបានចុះបញ្ជីដីនោះជូនពួកគាត់ ។ ប៉ុន្តែដោយក្ដាប់បានព័ត៌មាននេះ ក្រុមការងារចម្រុះខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះកំណត់ដីផ្ទៃបឹងចារ ដើម្បីឃ្លុំរក្សាទុកជាសម្បត្តិសាធារណៈរបស់រដ្ឋរួចរាល់ហើយ៕