ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្បែរច្រាំងទន្លេ បាននាំគ្នាអង្គុយមាត់ទឹកទន្ទឹងរង់ចាំយុវជនម្នាក់ ក្រោយបាត់អស់មួយល្ងាច រហូតក្រុមគ្រួសារសង្ស័យថាធ្លាក់ចូលទឹកលង់បាត់ទៅហើយ។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩៖៣០នាទីយប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅភូមិខ្ទរ សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
យុវជនបាត់ខ្លួនមានឈ្មោះ អឿន វល័ក្ខ ភេទប្រុស អាយុ១៧ឆ្នាំ មានបញ្ហាសុខភាពខួរក្បាល មិនសូវជាប្រក្រតីប៉ុន្មាននោះទេ។
យោងតាមប្រភពព័ត៌មានពីម្តាយរបស់យុវជនបាត់ខ្លួនបានឲ្យដឹងថា៖ ជារៀងរាល់ពេល កូនប្រុសរបស់ខ្លួន តែងតែលួចទៅលេងមាត់ទឹក ហើយចុះងូតទឹករហូត ជួនកាលត្រូវអ្នកភូមិបង់សំណាញ់ត្រូវប្រទះឃើញ ក៏បានដេញឡើងគោកវិញជារើយៗ។ ប៉ុន្តែរសៀលនេះ កូនរបស់ខ្លួនបានចេញពីផ្ទះតាំងពីម៉ោង៣រសៀល រួចឆ្លងថ្នល់ទៅលេងទឹក កន្លែងដដែល ស្រាប់តែបាត់ដំណឹងស្ងាត់ឈឹងសូន្យ មិនឃើញកូនត្រឡប់មកវិញ ក៏នាំគ្នាទៅមើលនៅកន្លែងកូនរបស់ខ្លួនធ្លាប់លេងកន្លងមក ស្រាប់តែប្រទះឃើញសម្លៀកបំពាក់ និងស្បែកជើង ភ្លាមៗនោះក៏ចាប់ផ្តើមសង្ស័យថាកូនលង់ទឹកបាត់ទៅហើយ។
លុះដល់ម៉ោង៩៖៣០នាទីយប់ អ្នកភូមិព្រមទាំងក្រុមគ្រួសារបានយកធុបទៅអុច រួមទាំងទឹកក្រូច ផ្លែចេកទៅសែន តាមអបិយជំនឿរ និងនាំគ្នាក្រាលកន្ទេលអង្គុយរង់ចាំនៅមាត់ច្រាំង ក្រែងអាចឃើញមនុស្សវិញ ដោយប្រកាន់ថា៖ បើរស់អោយឃើញមនុស្ស បើស្លាប់អោយឃើញសាកសពកូន៕