CPC-ជនបរទេសម្នាក់ បើករថយន្តលឿន ជ្រុលទៅបុកខឿន និងបង្គោលភ្លើង បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើង

2

ភ្នំពេញ៖ បុរសជាជនបរទេសម្នាក់រួមដំណើរជាមួយនិងបុរសជនបរទេស២នាក់ផ្សេងទៀតបានបើករថយន្តម៉ាកស្តារិចមួយគ្រឿងក្នុងល្បឿនលឿនឡើងស្ពានអាកាសចោមចៅស្រាប់តែរេចង្កូតទៅបុកខឿន និងបង្គោលភ្លើងគល់ស្ពានយ៉ាងពេញទំហឹងបណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ សំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់នរណាម្នាក់ឡើយ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០៖៣០នាទីយប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកស្តារិចពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ2AN-1175បើកបរដោយបុរសជនបរទេសម្នាក់រួមដំណើរជាមួយនិងបុរសជនបទេស២នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន។

លុះបើកមកដល់ចំណុចកើតហេតុនៅនិងគល់ស្ពានអាកាសចោមចៅខាងកើត ស្រាប់តែរេចង្កូតទៅខាងស្តាំដៃ ជ្រុលទៅបុកខឿននិងបង្គោលភ្លើងយ៉ាងពេញទំហឹងបណ្ដាលឲ្យរងការខូចខាត ចំណែកឯរថយន្តបង្កវិញក្រឡាប់ផ្ងារជើង ប៉ុន្តែសំណាងល្អមិនគ្រោះថ្នាក់ដល់នរណាម្នាក់ឡើយ ហើយភ្លាមនោះតៃកុងរថយន្តនិងអ្នករួមដំណើរបានលូនចេញមកខាងក្រៅរួចគេចខ្លួនបាត់ស្រមោល។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី៣បានចុះមកដល់ រួចក៏ទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុងបន្តដើម្បីឱ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុយករថយន្តបង្កទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំឲ្យភាគីម្ចាស់រថយន្តបង្កចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕