CPC-បុរសម្នាក់ជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀត ជាអកុសលដួលចូលក្រោមកង់រថយន្តធុនធំ កិនស្លាប់យ៉ាងអាណោចអាធ័ម

36

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ ៤ ខណៈម្នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ បន្ទាប់ពីបុរសម្នាក់ជិះម៉ូតូចេញពីធ្វើការ ទៅប៉ះជាមួយ ម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យដួល ចៃដន្យរថយន្តធុនធំបានមកដល់ដែរ ក៏ដួលចូលក្រោមកង់រថយន្តកិនចំខ្លួនពាក់កណ្តាល អូនជាង ៥០ម៉ែត្រស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះកើតឡើងវេលាម៉ោង ១១៖៤០នាទីព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៤ ភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះមាន ឈ្មោះ ប៉ែន ពិសិដ្ឋ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ យីងដុង ស្នាក់នៅផ្ទះជួលក្បែរកន្លែងកើតហេតុ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាកស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JZ-8580 ជិះចេញពីរោងចក្រ ឆ្ពោះទៅផ្ទះជួល ឆ្លងផ្លូវជាតិលេខ៤ ពីត្បូងទៅជើង ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JW-6902 ជិះដោយយុវជនម្នាក់ពីលិចទៅកើត ក៏បានបុកគ្នា បណ្តាលឲ្យដួលហើយជនរងគ្រោះម្នាក់ខាងម៉ូតូស្កុបពីពណ៌ខ្មៅ ក៏បានខ្ទាតចូលក្រោមកង់រថយន្ត ធុនធំ ម៉ាកFUSO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-4090 សណ្តោងដឹងស៊ីម៉ង់ បើកពីកើតទៅលិច រួចក៏កិនអូសជនរងគ្រោះជាង៥០ម៉ែត្រ បែកធ្លាយពោះស្លាប់មួយរំពេច។

ឃើញបែបនេះ ម្ចាស់រថយន្តFUSO ក៏បើកទ្វាចុះរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តចោលនៅនឹងកន្លែងកើតហេតុ ចំណែកភាគីខាងម៉ូតូម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានចុះទៅអន្តរាគមន៍ សម្រួលចរាចរណ៍ និងធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តនិងម៉ូតូ២គ្រឿង ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។

សូមបើកបរដោយការប្រុងប្រយ័ត្នគ្រប់ពេលវេលា៕