កណ្ដាល៖សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋ មន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឲ្យសមត្ថកិច្ច ត្រូវតែខិតខំស្វែងរកអ្នកបង្កគ្រោះថ្នាក់នៅលើស្ពានជ្រោយចង្វារ ដើម្បីផ្តល់ភាពយុត្តិធម៌ជូនក្រុមគ្រួសាររងគ្រោះ បន្ទាប់ពីបង្កហេតុរយៈពេលជិត ៧ខែមកហើយនៅមិនទាន់មានតម្រុយនៅឡើយ។
ប្រសាសន៍សម្តេច ក្រឡាហោម ស ខេង បានលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ក្នុងពិធីអញ្ជើញជាអធិបតីក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៤ ប្រារព្ធនៅក្រុងតាខ្មៅ ខេត្តកណ្ដាល។
សម្តេចក្រឡាហោម បញ្ជាក់អោយដឹងថា៖ “អាហ្នឹងច្បាប់មានប្រទេសខ្លះ តែខ្ញុំមិនចាំច្បាប់យើងអស់ទេ ប៉ុន្តែគ្រាន់តែវាពិតជាមានការជាប់គុកក្នុងករណីបែបហ្នឹង ខណៈ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីត្រូវបានពិនិត្យ និងសិក្សារួចហើយ ។ ច្បាប់នេះនឹងកំណត់ស្តង់ដាមួយ ចំពោះអ្នកបង្កឲ្យមានគ្រោះថ្នាក់នៅលើដងផ្លូវផងដែរ”។
គួរបញ្ចាក់ផងដែរ ករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ វេលាម៉ោង០២៖១០នាទី ត្រង់ចំណុចមុខបង្គោលភ្លើងទី៤ ខាងកើត លើស្ពានជ្រោយចង្វារចាស់ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានរថយន្តមួយគ្រឿងម៉ាក LEXUS NX200t ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BB-9989 បានធ្វើ ដំណើរតាមបណ្តោយស្ពានជ្រោយចង្វារចាស់ ទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុខាងលើ បានបុកពីក្រោយម៉ូតូមួយគ្រឿងដែលធ្វើដំណើរស្របទិសគ្នាម៉ាក HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 1B-9978 បណ្ដាលអោយមនុស្សពីរនាក់ ព្រមទាំងទារកម្នាក់ដួលអួសជាច្រើនម៉ែត្រ បន្ទាប់មករថយន្តបើករត់គេចពីកន្លែងកើតទៅដល់ផ្លូវកែវចិន្តា ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ទើបសមត្ថកិច្ចខណ្ឌជ្រោយចង្វារឃាត់បានទាំងរថយន្ត និងអ្នកបើកបរ យកមកការិយាល័យចរាចរណ៍ផ្លូវគោក ។ អ្នកបើករថយន្តបង្កឈ្មោះ សោម ណូរីទីឃា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅផ្ទះលេខ៥៣ ផ្លូវកែវចិន្តា ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្រោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង មហាជនពិសេសបណ្តាអ្នកលេងតាមបណ្តាញសង្គមហ្វេសបុកមានការខឹងសម្បារចំពោះអ្នកបើកបររថយន្តបង្កយ៉ាងខ្លាំង ខណៈករណីនេះបានធ្វើឲ្យក្មេងតូចដែលមិនទាន់បានឃើញពន្លឺថ្ងៃស្រួលបួលផង ត្រូវបាត់បង់ជីវិតដោយសារការបើកបរដោយការធ្វេសប្រហែល គ្មានទំនួលខុសត្រូវ ពីម្ចាស់រថយន្តឈ្មោះ សោម ណូរីទីឃា នេះ។ ទន្ទឹមនឹងនេះ មហាជនបានសំណូមពរសមត្ថកិច្ចមេត្តាតាមស្វែងរកជនបង្កយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ឲ្យខានតែបាន ប៉ុន្តែមកទល់ពេលនេះជិត ៧ខែហើយនៅតែគ្មានតម្រុយនៅឡើយ៕