ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានបំបែកសំណុំរឿងករណីចាក់សម្លាប់អធិការរងខណ្ឌ៧មករាបានហើយ ក្រោយឃាត់ខ្លួនបានជនល្មើសដៃឆៅ ដែលរត់គេចខ្លួនជិត ១ឆ្នាំ ដោយសាររឿងបំណុលលុយ ២០០ដុល្លារ។
ការឃាត់ខ្លួននេះធ្វើឡើងដោយកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដោយពីទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់ឯកឧត្តម នាយឧត្តមសេនីយ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយក ដ្ឋាននគបាលព្រហ្មទណ្ឌនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រហែលម៉ោង១៧៖១៥នាទី តាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ១៤៨៧ “ក១”.ដ.ច.ន ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ របស់លោក ហុក ពៅ ចៅក្រុមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញពីបទ “ឃាតកម្ម”។
ជនសង្ស័យមានឈ្មោះ សាន ចាន់គឹមហុង ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ ចំណែកជនរងគ្រោះឈ្មោះ យឺន សំណាង ហៅសំណាង ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាក់សម្លាប់លោកអធិការរងខណ្ឌ៧មករាពិតប្រាកដមែន ដោយប្រើដែកឆាប ចាក់ចំនួន ២ដែកឆាប ដោយសារជនរងគ្រោះទៅទារលុយដែលខ្លួនជំពាក់ ២០០ដុល្លារ រហូតមានជម្លោះប្រតាយប្រតប់គ្នាកាលពីវេលាម៉ោង ៩៖២៥នាទីយប់ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ចូនមកកាន់នាយកដ្ឋាន ដើម្បីប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌ៧មករាជាម្ចាស់ករណីចាត់ការបន្តតាមនីតិវិធីច្បាប់៕