សៀមរាប៖ បុរសម្នាក់ដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ បានស្លាប់បាត់បង់ជីវិតក្រោមចង្កូមសត្វក្រពើដែលគាត់ចិញ្ចឹម បន្ទាប់ពីដើរហាត់ប្រាណ និងពិនិត្យមើលសត្វក្រពើមិនប្រយ័ត្ន ក៏រអិលធ្លាក់ចូលអាង ដែលមានហ្វូងក្រពើជាច្រើនរស់នៅ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥៖៣០នាទីព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ ស្ថិតនៅបរិវេណក្រោយផ្ទះរបស់ជនរងគ្រោះ ក្នុងភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប។
ជនរងគ្រោះខាងលើនេះ មានឈ្មោះ លូន ណាំ ភេទប្រុស អាយុ៧០ឆ្នាំ មុខរបរម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ ។
តាមប្រភពព័ត៌មានបានអោយដឹងថា ម្ចាស់កសិដ្ឋាន២នាក់ប្តីប្រពន្ធ បាននាំគ្នាដើរហាត់ប្រាណនៅលើអាងចិញ្ចឹមក្រពើដូចសព្វមួយដង ពេលនោះប្រពន្ធរបស់ជនរងគ្រោះ បានចុះទៅមុន នៅសល់តែជនរងគ្រោះ ហើយពេលនោះ ជនរងគ្រោះបានយកឬស្សីមកចាក់ទៅលើសត្វក្រពើ ហើយក្រពើក៏ខាំរលាស់ឬស្សី បណ្តាលឱ្យគាត់រអិលជើងធ្លាក់ចូលក្នុងអាងតែម្តង ហើយសត្វក្រពើស្មានតែចំណីក៏នាំគ្នាស្ទុះមកខាំបោកធ្វើឱ្យបាក់ដៃទាំងសងខាង ធ្លាយពោះ និង ខ្ទេចក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ភ្លាមៗនោះពលរដ្ឋនៅក្បែរនោះ បានស្រែកឆោឡោ ទើបប្រពន្ធកូនជនរងគ្រោះនាំគ្នាយកដំបងមកវាយដេញសត្វក្រពើនោះចេញ ដើម្បីរំដោះយកសាកសពជនរងគ្រោះ។
បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារកំពុងរៀបចំធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានរបស់ជនរងគ្រោះផងដែរ៕