CPC-នៅទីបំផុតម្ចាស់រថយន្ត MAZDA ព្រមសារភាពថាខ្លួនបើករថយន្តបង្កហេតុលើដងផ្លូវហើយដោយសារខឹង បន្ទាប់ពីកុហកថាជួលឡានឲ្យអ្នកដទៃ

55

ភ្នំពេញ៖ បន្ទាប់ពីផ្ទុះការរិះគន់ពេញបណ្តាញសង្គមជុំវិញការបើកបររបស់ម្ចាស់រថយន្ត MAZDA មួយគ្រឿងដែលបង្កបាតុភាពឌឺដង មិនសមរម្យលើដងផ្លូវហើយនោះ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទំនាក់ទំនងទៅម្ចាស់រថយន្ត MAZDA ខាងលើដែលមានឈ្មោះ ទួន បញ្ញាឧត្តម ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ លក់រថយន្តដែលបានបើកបររថយន្តបង្កបាតុភាពតាមដងផ្លូវសាធារណ: ២កន្លែងផ្សេងគ្នា កាលពីវេលាម៉ោង ១៤៖១០នាទីរសៀល និងម៉ោង ២១៖០០នាទីយប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣កន្លងមកនេះ។

នៅចំពោះមុខសមត្ថកិច្ច អ្នកបើកបរល្មើស ឈ្មោះ ទួន បញ្ញាឧត្តម បានសារភាពទទួលកំហុស ថា ដោយសារមានការខឹង ទើបខ្លួនបើកបរយ៉ាងដូច្នេះ។

បើតាមស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ករណីអ្នកបើកបរល្មើស ឈ្មោះ ទួន បញ្ញាឧត្តម ត្រូវបានធានាពីឪពុក បន្ទាប់ពីទទួលបានការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាពីសមត្ថកិច្ច។

សូមជម្រាបថា មុនពេលត្រូវសមត្ថកិច្ចហៅទៅអប់រំណែនាំ មានគណនីឈ្មោះ Panha Panha បានបង្ហោះកាលពីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ក្រោយមានអ្នកលេងតាមបណ្តាញសង្គមហ្វេសបុក និងអ្នកសារព័ត៌មានបង្ហាញពីរូបភាពរបស់ខ្លួនថាជាម្ចាស់ឡាន MAZDA ដោយម្ចាស់គណនីនេះ បានបង្ហោះរូបភាព នឹងខ្លឹមសារទាំងស្រុងថា៖

ខ្ញុំបាទឈ្មោះ ទួន បញ្ញាឧត្តម ជាម្ចាស់រថយន្ត MAZDA2 ពណ៌ក្រហម ស្លាកលេខភ្នំពេញ 2BG-0265 ដែលបានដាក់ជួលឲ្យបុគ្គលឈ្មោះ ក្រូច ឧត្តម ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ខ្ញុំសូមបញ្ជាក់ឲ្យច្បាស់ថា នៅថ្ងៃទី២៤ ខែ៥ ឆ្នាំ២០២៣ ជាថ្ងៃដែលបង្កភាពចលាចលនៅលើដងផ្លូវនោះ គឺមិនមែនខ្ញុំជាអ្នកបើកបរនោះទេ។ សូមកុំបន្តចែកចាយរូបរបស់ខ្ញុំបន្តទៀត។ ចំពោះរឿងនេះ ខ្ញុំក៏បានឲ្យភាគីអ្នកបើកបរចូលខ្លួនមកដោះស្រាយ អប់រំតាមផ្លូវច្បាប់ដែរ។

ក្រោយមានការបង្ហោះពីម្ចាស់គណនីខាងលើ មហាជនជាច្រើនបាននាំគ្នារិះគន់ថាកុហកមិនសម ត្បិតអ្នកមកទទួលកំហុសជំនួសអ្នកមានដូរសំលៀកបំពាក់ និងស្បែកជើងសោះ តាំងពីថ្ងៃជួលឡានឲ្យ រហូតដល់ថ្ងៃសមត្ថកិច្ចកោះហៅឲ្យចូលខ្លួនបំភ្លឺ ប៉ុន្តែចុងក្រោយទួន បញ្ញាឧត្តម ក៏បានព្រមសារភាព។

សូមចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ដើម្បីបង្ការគ្រោះថ្នាក់នានាលើដងផ្លូវ, ទំនួលខុសត្រូវក្នុងការបើកបរ ស្មើនឹងគោរពជិវិតខ្លួនឯង និងជីវិតរបស់អ្នកដទៃ៕