CPC-បុរសម្នាក់សង្ស័យងងឹតមុខ រេចង្កូតរថយន្តបុកខឿនសួនច្បារនៅជ្រោយចង្វារ

4

 

ភ្នំពេញ៖ បុរសចំណាស់ម្នាក់មានជម្ងឹប្រចាំកាយ សង្ស័យងងឹតមុខ បានរេចង្កូតទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវបង្កឲ្យមានការខូចខាត និងម្ចាស់រថយន្តត្រូវបានបញ្ចូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨៖៣០នាទីយប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ស្ថិតនៅតាមបណ្តោយផ្លូវបេតុង OCIC ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្ត 4runner ពណ៌ស្ករ ដែលមានផ្លាកលេខភ្នំពេញ 2F-9229 បើករេចង្កូតទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាតទាំងរថយន្ត និងគ្រឿងបរិក្ខាសួនច្បារ ដែលមានដូចជាបង្គោលភ្លើង បង្គោលស្លាកសញ្ញាប្រាប់ទិសដៅចរាចរណ៍ និងខឿនថ្មពុះចែកទ្រូងផ្លូវផងដែរ។

បើតាមប្រភពដដែលបានឲ្យដឹងថា ម្ចាស់រថយន្តជាបុរសវ័យចំណាស់ម្នាក់ ហើយបានបញ្ជាក់ថាខ្លួនគាត់មានជម្ងឺប្រចាំកាយ ដូចជាទឹកនោមផ្អែម និងលើសឈាមផងដែរ ហើយក៏ត្រូវគេបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះបឋមផងដែរ។

ក្រោយកើតហេតុ សន្តិសុខបានចុះមកជួយសម្រួលចរាចរណ៍ ចំណែកសមត្ថកិច្ចមូលដ្ឋានបានចុះមកវាស់វែង និងយករថយន្តខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារជាបណ្តោះអាសន្ន ដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយនៅពេលក្រោយផងដែរ៕