CPC-ហួសថ្លែង ! មន្រ្តីម្នាក់នៅឥណ្ឌា បញ្ជារអោយបូមទឹកចេញពីអាងស្តុកទឹក ក្រោយសែលហ្វីមិនប្រយ័ត្នធ្លាក់ចូលក្នុងអាង ចុងក្រោយត្រូវដកតំណែង

91

ឥណ្ឌា៖រឿងហួសចិត្តមួយបាន កើតឡើងនៅប្រទេសឥណ្ឌា ដោយសារតែទូរស័ព្ទមួយគ្រឿង ធ្វើអោយមន្ត្រីម្នាក់សម្រេចចិត្តបូមទឹកជាង២លានម៉ែត្រគូប ចេញពីអាងស្តុកទឹក ដែលធ្លាក់អំឡុងពេលលោកកំពុងថតរូបសែលហ្វី ។

យោងតាមសារព័ត៌មាន The Times of India កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣បានអោយដឹងថា មន្ត្រីត្រួតពិនិត្យម្ហូបអាហារ លោក Rajesh Vishwas បានធ្លាក់ស្មាតហ្វូនមួយគ្រឿងចូលទៅក្នុងទំនប់ទឹក Kherkatta ក្នុងរដ្ឋ Chhattisgarh ភាគកណ្តាលប្រទេសឥណ្ឌាកាលពីសប្តាហ៍មុន។

ដំបូងឡើយ លោក Vishwas បានស្នើសុំអ្នកមុជទឹកក្នុងតំបន់ឱ្យលោតចូលទៅក្នុងអាងស្តុកទឹកដើម្បីស្វែងរកទូរស័ព្ទដែលបានធ្លាក់ ដោយអះអាងថាវាមានទិន្នន័យរសើបរបស់រដ្ឋាភិបាល។ ប៉ុន្តែក្រុមអ្នកមុជទឹកបរាជ័យក្នុងការស្វែងរកទូរស័ព្ទ លោកក៏បានស្នើសុំឱ្យបង្ហូរទឹកចេញពីអាងស្តុកទឹកតែម្តង ដើម្បីបន្តស្វែងរកទូរស័ព្ទ ដោយប្រើម៉ាស៊ីនបូមទឹក។

The Time of India បានបន្តថា ក្នុងរយៈពេលបីថ្ងៃបន្ទាប់ពីទឹកជាង ២ លានលីត្រត្រូវបានបូមចេញពីអាងស្តុកទឹក ដើម្បីរកទូរស័ព្ទមួយគ្រឿង ខណៈដែលបរិមាណទឹកនេះ គឺគ្រប់គ្រាន់សម្រាប់ស្រោចស្រពលើផ្ទៃដីយ៉ាងហោចណាស់ ១៥០០ ហិចតា ក្នុងអំឡុងពេលរដូវក្ដៅដ៏ក្ដៅរបស់ប្រទេសឥណ្ឌា។

លោក Vishwas បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ទឹកនៅក្នុងអាងនេះមិនអាចប្រើប្រាស់សម្រាប់ប្រព័ន្ធធារាសាស្ត្របានទេ ខណៈលោកបញ្ជាក់ថា បានទទួលការអនុញ្ញាតពីមន្ត្រីជាន់ខ្ពស់ដើម្បីបង្ហូរទឹកចេញ ហើយនៅទីបំផុតស្មាតហ្វូននេះ ត្រូវបានស្រង់យកមកវិញ ប៉ុន្តែវាមិនដំណើរការនោះទេ ដោយសារតែវាចូលទឹក។

ជុំវិញករណីនេះ អាជ្ញាធរបានផ្អាកលោក Vishwas ពីការងារ បន្ទាប់ពីលោកត្រូវបានគេរិះគន់យ៉ាងខ្លាំងចំពោះការខ្ជះខ្ជាយធនធានទឹក ស្របពេលដែលប្រទេសឥណ្ឌា គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលបញ្ហាខ្វះទឹកខ្លាំងបំផុត ដោយសារសីតុណ្ហភាពក្តៅខ្លាំង ដែលធ្វើឲ្យមានការខ្វះខាតទឹកយ៉ាងធ្ងន់ធ្ងរ មិនអាចស្រោចស្របដំណាំ មានភ្លើងឆេះព្រៃ និងការដាច់ចរន្តអគ្គិសនីផងដែរ៕