ភ្នំពេញ៖ រថយន្ត ហុងដា ស៊ីវីក មួយគ្រឿង ទំនងបើកបរក្នុងល្បឿនលឿន មិនប្រយ័ត្នក៏បានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្តខូចខាតធ្ងន់ធ្ងរ និងកាច់កង់ ១គ្រាប់បង្កការភ្ញាក់ផ្អើលទាំងកណ្តាលអធ្រាត្រ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២៖២៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវ៣៥៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្ត ហុងដា ស៊ីវីក ពណ៌ស ដែលមានផ្លាកលេខភ្នំពេញ 2BE-7881 បើកបរតាមបណ្តោយផ្លូវខាងលើ ក្នុងទិសដៅពីលិចទៅកើតបោះពួយយ៉ាងលឿន មិនប្រយ័ត្នបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យខូចខាត។
អ្នកឃើញហេតុការណ៍បានបន្តថា បន្ទាប់ពីបុករួច រថយន្តបានដាច់កង់មុខខាងឆ្វេង របូតចេញមកក្រៅ បណ្តាលឲ្យរថយន្តរេចង្កុតទៅខាងស្តាំផ្លូវ ផ្ទុះពោងការពារសុវត្ថិភាព និងមិនអាចបន្តដំណើរទៅមុខទៀតបាន ចំណែកបុរសដែលជាម្ចាស់រថយន្តក៏មិនបានរងរបួសនោះដែរ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ទីតាំងកើតហេតុ ព្រមទាំងបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញខាងចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង ព្រមទាំងយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ៕