ភ្នំពេញ៖នារីម្នាក់បានបើករថយន្តម៉ាក toyota prius មួយគ្រឿងក្នុងល្បឿនលឿនមិនប្រយ័ត្នស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃ រួចក៏ជ្រុលទៅបុកនឹងរបងព័ទ្ធដីឡូត៍មួយកន្លែងបណ្ដាលឲ្យបាក់ជាច្រើនផ្ទាំង ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណាំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងនៅវេលាម៉ោង ៤៖៥០នាទីទៀបភ្លឺ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវមាត់ទន្លេសាប ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក toyota prius ពណ៌កណ្ដោប្រមេះមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2BL-1674បើកបរដោយនារីរូបស្រស់ម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវមាត់ទន្លេសាបក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើ ពុំដឹងថាមានបញ្ហាអ្វីនោះទេស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកនឹងរបងទ្វារព័ទ្ធដីឡូតិ៍មួយកន្លែងបណ្ដាលឲ្យបាក់ជាច្រើនទាំងចំណែកឯរថយន្តបង្កវិញរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ រីឯនារីជាម្ចាស់រថយន្តវិញមិនមានរងរបួសនោះទេ ហើយបានបើកទ្វាគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនឹងមន្ត្រីផ្នែកជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីម្ចាស់រថយន្តចូលខ្លួនធ្វើការដោះស្រាយនៅពេលក្រោយ៕