តាកែវ៖លោកយាយម្នាក់វ័យ៦៧ឆ្នាំម្នាក់ បានសម្ដែងក្ដីបារម្ភ បន្ទាប់ជនដៃដល់ដែលយកពូថៅកាប់លើរូបគាត់កាលពីអំឡុងខែមីនា ត្រូវបានតុលាការដោះលែងអោយមានសេរីភាពឡើងវិញ ក្រោយជាប់ពន្ធនាគារត្រឹមតែ២ខែប៉ុណ្ណោះ ។
លោកយាយរងគ្រោះមានឈ្មោះសឹម ផល្លា អាយុ៦៧ឆ្នាំ រស់នៅភូមិតាំងត្រាច ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលមានចៅក្នុងបន្ទុកត្រូវចិញ្ចឹមផងនោះ បានសម្ដែងក្ដីបារម្មណ៍ពីសុវត្តិភាពរបស់លោកយាយផ្ទាល់ ក្រោយទទួលបានដំណឹងថា ជនដៃដល់ដែលប្រើហិង្សាយកពូថៅកាប់ក្បាលគាត់កន្លងទៅថ្មីៗនេះ ទទួលបានដីកាបង្គាប់ឲ្យនៅក្រៅឃុំបណ្តោះអាសន្នពីតុលាការខេត្តតាកែវហើយ ខណៈរូបលោកយាយបារម្ភថាជនដៃដល់រូបនេះ នឹងមកយាយីលើលោកយាយជាថ្មីទៀត ស្របពេលសូម្បីតែសំណងក៏លោកយាយនៅពុំទាន់បានទទួលនៅឡើយ។
យោងតាមដីការសម្រេចរបស់សាលាដំបូងខេត្តតាកែវ ស្តីពីការអនុញ្ញាតិឲ្យនៅក្រៅឃុំបណ្តោះអាសន្នចុះថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៣ ដោយចៅក្រៅស៊ើបសួរ រិន ភិរុណ បានឲ្យដឹងថា ឈ្មោះ កុល ធឿន ភេទប្រុស អាយុ ៥៥ឆ្នាំ មានមុខរបរជាកសិករ បច្ចុប្បន្នមានអាសយដ្ឋាននៅអង្គនរាយណ៍ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចវាលស្រែ នៅអង្គនរាយណ៍ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២៣ តាមបញ្ញាតិមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ បាននៅក្រៅឃុំបណ្តោះអាសន្ន ហើយដែលត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តតាកែវ តាមដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ១៨៤ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ បាននៅក្រៅឃុំបណ្តោះអាសន្ន។
ជុំវិញបញ្ហានេះ លោកយាយរងគ្រោះខាងលើ បានសំណូមពរទៅដល់ថ្នាក់ដឹកនាំជាពិសេស ឯកឧត្តមកើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ មេត្តាពិនិត្យមើលករណីខាងលើនេះផង៕