ភ្នំពេញ៖ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ហ៊ុយ វណ្ណៈ បានអំពាវនាវដល់ អ្នកផលិតមាតិកា គួររៀនសូត្រមុខវិជ្ចា ស្ដីពី កិច្ចព្រមព្រៀង ដើម្បីការពារសិទ្ធិមនុស្ស និងតម្លៃមនុស្ស មុនចាប់ផ្ដើមផលិតមាតិការបស់ ខ្លួន ។
នេះបើយោងតាមសំណេរលើគណនីហ្វេសប៊ុករបស់លោក បានបង្ហោះកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ដែលមានខ្លឹមសារទាំងស្រុងថា សូមចែករំលែក និងអំពាវនាវដល់៖ អ្នកផលិតមាតិកា អ្នកកាសែត អ្នកស្រាវជ្រាវ និងមន្ត្រីយុត្តិធម៌ គួររៀនសូត្រមុខវិជ្ជា “Human Subjects Protections” ដែលខ្ញុំសូមប្រែថា ក្រមសីលធម៌ «កិច្ចព្រមព្រៀង ដើម្បីការពារសិទ្ធិមនុស្ស និងតម្លៃមនុស្ស ។
កន្លងមក មានការអនុវត្តដោយឆ្គាំឆ្គងលើការបង្ហាញអត្តសញ្ញាណមនុស្ស ហើយមូលហេតុគឺប្រហែលដោយសារតែ «មិនបានដឹង និងមិនយល់» ដោយសារតែមិនបានឆ្លងកាត់ ការរៀនសូត្រក្នុងសាលារៀនឱ្យបានត្រឹមត្រូវ។ ជាក់ស្តែង មានអ្នកធ្វើមាតិកា សម្ភាសន៍ប្អូនស្រី ដែលមានជំងឺខួរក្បាល ឬហៅថា មិនគ្រប់ទឹក, ខ្លះសម្ភាសន៍កុមារ, អ្នកជំងឺវង្វេងវង្វាន់, អ្នកស្រវឹង… ដែលការពិត គឺគេមិនត្រូវធ្វើ បង្ហាញជាសាធារណៈបែបនេះទាល់តែសោះ។ វាបង្ហាញថា ជាទង្វើមិនដឹងខ្យល់ ហើយមិនដឹងថា នរណាដើរតួឱ្យចំ ដើម្បីកែលម្អ ក្រុមអ្នកធ្វើរឿងឆ្កួតៗនេះ?
លោកបានបន្តថា បើសួរនាំអ្នកជំងឺ គឺមានតែវេជ្ជបណ្ឌិតឯកទេស ដែលត្រូវសួរដើម្បីបម្រើឱ្យការព្យាបាលជំងឺ។ គេមិនសួរថតជាវីដេអូ បង្ហោះពេញបណ្តាញសង្គម ដើម្បីធ្វើអាជីវកម្ម យក Views បែបនេះទេ។ វាដូចជាហួសហេតុខ្លាំងណាស់! លុបវីដេអូចេញបាន ក៏លុបទៅ! ហើយបើមិនលុបទេ អាជ្ញាធរមានសមត្ថកិច្ចប្រើអធិបញ្ជា ឬអំណាចអាជ្ញា ចាត់ការតាមផ្លូវច្បាប់ទៅ។
ជាមួយគ្នានេះ លោកបានបន្ថែមថា ខ្ញុំមិនបន្តពន្យល់ទៀតទេ ដោយសុំអំពាវនាវដល់អ្នកកាសែត អ្នកស្រាវជ្រាវ អ្នកធ្វើមាតិកា រួមទាំងមន្ត្រីយុត្តិធម៌ គឺត្រូវតែឆ្លងកាត់វគ្គសិក្សា «Human Subjects Protections សូមហៅថា ក្រមសីលធម៌ ឬកិច្ចព្រមព្រៀង ដើម្បីការពារសិទ្ធិមនុស្សនិងតម្លៃមនុស្ស»។ បើមិនដូច្នេះទេ ជនប្រយោជន៍និយមខ្លះ បង្ហាញតម្លៃខ្មែរនៅលើបណ្តាញសង្គម អាក្រក់ហួសហេតុ មិនដឹងហៅពួកគេថាជាអ្វីទេ៕