CPC-បុរសជនជាតិចិនម្នាក់ ស្រវឹងស្រាជោកជាំ បើករថយន្តលឿនជ្រុលទៅបុករបាំងថ្មពុះចែកទ្រុងផ្លូវបណ្តាលអោយរងការខូចខាត

12

ភ្នំពេញ៖បុរសជនជាតិចិនម្នាក់ ស្រវឹងស្រាធ្លាក់ភ្នែក បើកបររថយន្តស៊េរីទំនើបមួយគ្រឿង បោះពួយយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលអោយរងការខូចខាតយ៉ាងដំណំ នៅវេលាម៉ោង ១៖៥០នាទីរំលងអាធ្រាត្រ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ត្រង់ចំណុចស្តុបក្ដាន់ពីរ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជាជនជាតិចិនម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក LEXUS LX570 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AT-2627 ធ្វើដំណើរក្នុងស្ថានភាពស្រវឹង តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច និងក្នុងល្បឿនយ៉ាងលឿន លុះដល់ចំណុចកើតហេតុ រថយន្តនោះក៏បានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរបាំងថ្មពុះចែកទ្រូងផ្លូវបាក់ខូចខាតអស់ចំនួន ២ផ្ទាំង ។ ចំណែកឯរថយន្តបានរងការខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេងយ៉ាងដំណំ ។

បន្ទាប់ពីកើតកើតហេតុគេ គេមានសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើការអន្តរាគមន៍ភ្លាមៗ ផងដែរ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញក៏បានចុះធ្វើការវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញដើម្បីរងចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ ៕