CPC-អភិបាលនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី និងសម្តេចមហាបវរធិបតី ពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម វិនិយោគ កសិកម្មទំនើប កសិ-ឧស្សាហកម្ម និងសេដ្ឋកិច្ចឌីជីថល

8

ណាននីង៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ឡាន ធានលី (Lan Tianli) អភិបាលនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី និង គណៈប្រតិភូជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងណាននីង តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ។

សម្តេចធិបតីបានថ្លែងអំណរគុណចំពោះរដ្ឋបាលនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ទីក្រុង និងប្រជាជនណាននីង ដែលបានទទួលបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅ ដល់សម្ដេចធិបតី និងគណៈប្រតិភូកម្ពុជា និងបានគូសបញ្ជាក់អំពីផ្លែផ្កាដែលសម្ដេចធិបតី ទទួលបានពីការបំពេញទស្សនកិច្ចផ្លូវការ និងការចូលរួមក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី ២០ នៅទីក្រុងណាននីង នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី។

ក្នុងនាមតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី, ឯកឧត្តមអភិបាល បានវាយតម្លៃខ្ពស់ចំពោះ ការបំពេញទស្សនកិច្ចផ្លូវការ និងការចូលរួមពិព័រណ៍របស់ សម្ដេចធិបតី និងគណៈប្រតិភូ ដែលនេះបញ្ជាក់អំពីការយកចិត្តទុកដាក់ និងជំហរគាំទ្រដ៏មុតមាំរបស់កម្ពុជា ចំពោះប្រទេសចិន ។

ជាមួយគ្នានេះ ដែរ ឯកឧត្ដមអភិបាល គោរពជម្រាបជូន សម្ដេចធិបតី អំពីវត្ថុបំណងនៃការធ្វើដំណើរទស្សនកិច្ចរបស់ ឯកឧត្តម មកប្រទេសកម្ពុជា កាលពីខែមេសា ឆ្នាំ ២០២៣ ដើម្បីពិនិត្យមើលការរីកចម្រើន វិបុលភាព និងវឌ្ឍនភាពរបស់កម្ពុជា ព្រមទាំងដើម្បីគោរពអញ្ជើញសម្តេចតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មកបំពេញទស្សនកិច្ចនៅទីក្រុងណាននីង និងតំបន់ដទៃទៀត នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ។

ស្ថិតក្នុងបរិយាកាសស្និទ្ធស្នាល សម្ដេចធិបតី បានអរគុណ ឯកឧត្តមអភិបាល និងបានឯកភាពចំពោះការបញ្ជាក់របស់ ឯកឧត្ដម ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ។ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យមានការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើង ជាពិសេស ផ្នែកពាណិជ្ជកម្ម វិនិយោគ កសិកម្មទំនើប កសិ-ឧស្សាហកម្ម និងសេដ្ឋកិច្ចឌីជីថល ។

ជាមួយគ្នានេះ, សម្តេចធិបតី ក៏បានស្នើឱ្យ ឯកឧត្តមអភិបាល ពិនិត្យលទ្ធភាពពន្លឿនកិច្ចសហប្រតិបត្តិការដែលកំពុងមាន ដើម្បីបញ្ចប់ និងសម្រេច ប្រកបដោយផ្លែផ្កា និងខិតខំស្វែងរកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត ។ ជាការឆ្លើយតប ឯកឧត្តមអភិបាល បានគោរពជម្រាបជូន សម្ដេចធិបតី ថា ឯកឧត្តម និងរដ្ឋបាលតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នឹងបន្តកិច្ចសហប្រតិបត្តិការ និងខិតខំធ្វើការងារជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីសម្រេចលទ្ធផលជាផ្លែផ្កា ៕