ភ្នំពេញ៖ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំដំណើរទស្សនកិច្ចសិក្សាស្តីពីសុវត្ថិភាពម្ហូបអាហារសម្រាប់អ្នកសារព័ត៌មាននៅតាមបណ្តារាជធានី-ខេត្តចំនួន៣ ដោយមានការផ្ដួចផ្ដើមរៀបចំដោយលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងគាំទ្រសហការរវាងរដ្ឋបាលជលផល និងអង្គការ UNIDO នៅព្រឹកថ្ងៃអាទិត្យទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ។
លោកជំទាវ អ៊ឹម រចនា បានពន្យល់ទៅកាន់អ្នកសារព័ត៌មានចំនួន ១៩ស្ថាប័ន អំពីដំណើរដើមទងដែលជំរុញឱ្យក្រសួងផ្ដួចផ្ដើមឱ្យមានដំណើរទស្សនកិច្ចសិក្សា និងផ្សផ្វផ្សាយអំពីសហគ្រាសជលផលក្រោយប្រមូលផល នៅតាមបណ្តារាជធានី-ខេត្តចំនួន៣ សម្រាប់អ្នកសារព័ត៌មានចំនួនជាង ៤០នាក់ មកពី១៩ស្ថាប័ន។
លោកជំទាវ អ៊ឹម រចនា បន្តថា សុវត្ថិភាពម្ហូបអាហារ មានសារៈសំខាន់ណាស់សម្រាប់សុខភាពរបស់មនុស្សគ្រប់រូប ដែលត្រូវការអាហារ១ថ្ងៃ ៣ពេល ។ ករណីនេះរដ្ឋបាលជលផល បានសហការជាមួយ CAPFISH-Capture គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល អនុវត្តរួមគ្នាដោយ FiA និង UNIDO ក្រោមសហហិរញ្ញប្បទានពីសហភាពអឺរ៉ុប ជំរុញឱ្យដៃគូពាក់ព័ន្ធផលិតម្ហូបអាហារឱ្យមានសុវត្ថិភាព មានស្តង់ដារ លក់ក្នុងតម្លៃសមរម្យ ឱ្យអ្នកប្រើប្រាស់មានលទ្ធភាពទិញបរិភោគ ដើម្បីកាត់បន្ថយការចំណាយ ទើបអាចប្រកួតប្រជែងនៅលើទីផ្សារជាតិ និងអន្តរជាតិ។
ជាមួយគ្នានេះលោកជំទាវ អ៊ឹម រចនា លើកទឹកចិត្តដល់អ្នកសារព័ត៌មានជាតិ អន្តរជាតិ ជួយធ្វើការផ្សព្វផ្សាយអាហារសុវត្ថិភាពនេះឱ្យបានទូលំទូលាយទៅកាន់សាធារណៈជន ដើម្បីធ្វើឱ្យអ្នកប្រើប្រាស់យល់ដឹងអំពីសារៈសំខាន់នៃសុវត្ថិភាពចំណីអាហារ ដែលជាតម្រូវការប្រចាំថ្ងៃរបស់មនុស្សជាតិ គ្រប់ស្រទាប់វណ្ណៈ។
គួរបញ្ជាក់ផងដែថា ដំណើរទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយអំពីសហគ្រាសជលផលក្រោយប្រមូលផលដែលទទួលផលពីគម្រោង CAPFish ចំនួន៦សហគ្រាស ចាប់ផ្តើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ធំ និងខេត្តសៀមរាប ៕