CPC-គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ព្រមានចាត់វិធានការចំពោះបុគ្គលដែលមានប្រជាប្រិយភាព ក្នុងការផ្សព្វផ្សាយ និងបង្កើតមាតិកាកម្សាន្ត ដែលមានខ្លឹមសារអូសទាញពលរដ្ឋអោយចូលលេងល្បែង

44

ភ្នំពេញ៖គណៈកម្មការគ្រប់គ្រងល្បែងពានិជ្ជកម្មកម្ពុជា នឹងមានវិធានការចំពោះបុគ្គលដែលមានប្រជាប្រិយភាព ក្នុងការផ្សព្វផ្សាយផលលិតវីឌីអូខ្លីៗ និងបង្កើតមាតិកាកម្សាន្ត ដែលមានខ្លឹមសារអូសទាញពលរដ្ឋអោយចូលលេងល្បែង ។

យោងតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មការគ្រប់គ្រងល្បែងពានិជ្ជកម្មកម្ពុជា ពិនិត្យឃើញថា នាពេលថ្មីៗកន្លងមកនេះ មានសកម្មភាពផ្សព្វផ្សាយ អំពីល្បែងពានិជ្ជកម្ម ដោយពុំមានការអនុញ្ញាតិ និងមានសកម្មភាពផ្សាយអំពីល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមពីសាធារណជន និងបុគ្គលមានប្រជាប្រិយភាព ក្នុងការផ្សព្វផ្សាយផលិតវីឌីអូខ្លីៗ និងបង្កើតមាតិកា កម្សាន្តតាមបណ្ដាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយនានា ដែលមានខ្លឹមសារ អូសទាញប្រជាពលរដ្ឋអោយចូលទៅលេងល្បែង ដែលផ្ទុយពីច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពានិជ្ជកម្ម និងបង្កអោយមានជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណ និងរបៀបរៀបរយសង្គម ។

ជាមួយគ្នា ដើម្បីការអនុវត្ត និងរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម អគ្គលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពានិជ្ជកម្មកម្ពុជា សូមធ្វើការនែនាំ ដូចខាងក្រោម ៖

ទី១. ប្រតិបត្តិករល្បែងពាណិជ្ជកម្មទាំងអស់ ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពផ្សាយពាណិជ្ជកម្មអំពីល្បែងពាណិជ្ជកម្មគ្រប់ប្រភេទ និងគ្រប់មធ្យោបាយរហូតដល់មានការជូនដំណឹងជាថ្មី ។

ទី២. អ្នកផលិតវីដេអូ អ្នកបង្កើតមាតិកាកម្សាន្តតាមបណ្តាញទំនាក់ទំនងសង្គម និងបុគ្គលពាក់ព័ន្ធផ្សេងទៀតត្រូវបញ្ឈប់ជាបន្ទាន់រាល់ការផលិត ការផ្សព្វផ្សាយ ឬការចែកចាយវីដេអូនិង /ឬមាតិកាកម្សាន្តដែលមានខ្លឹមសារផ្សព្វផ្សាយអំពីល្បែងពាណិជ្ជកម្ម និងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ ។

ទី៣. រាល់សកម្មភាពពាក់ព័ន្ធនឹងការចូលរួមផ្សព្វផ្សាយ ឬចែកចាយវីដេអូដែលមានខ្លឹមសារផ្សព្វផ្សាយអំពីល្បែងស៊ីសងតាមប្រព័ន្ធអនឡាញគ្រប់រូបភាព ជាសកម្មភាពខុសច្បាប់ ។

ជាមួយគ្នានេះ ដែរ អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពានិជ្ជកម្មកម្ពុជា ព្រមានចាត់វិធានការយ៉ាងតឹងរ៉ឹងស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ក្នុងករណីដែលប្រតិបត្តិករល្បែងពាណិជ្ជកម្ម និងបុគ្គលពាក់ព័ន្ធទាំងអស់មិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ ៕