CPC-ស្រ្តីខ្មែរ២រូប ត្រូវបានជ្រើសរើសជាអាជ្ញាកណ្តាល និងអ្នកកាត់ក្តី នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩

22

ភ្នំពេញ៖ជារឿងដ៏គួរអោយភ្ញាក់ផ្អើល បន្ទាប់ពីស្រ្តីរបស់ប្រទេសកម្ពុជា ២រូប ត្រូវបានជ្រើសរើសជា អាជ្ញាកណ្តាល និងអ្នកកាត់ក្តី នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ ដែលធ្វើឡើងនៅប្រទេសចិន ។

យោងតាមការអោយដឹងពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ថា កញ្ញា ជា ថារី គ្រូបង្វឹកកីឡាការ៉ាតេរបស់សមាគមន៍ក្រសួងមហាផ្ទៃ និងជាគណៈកម្មការអាជ្ញាកណ្ដាលចៅក្រមអាស៊ី (Referee Commission) និងកញ្ញា ប្លុង ពេជ្រអក្ខ ជាប់ជាអាជ្ញាកណ្តាលខ្មែរ ២រូបទៅកាត់ក្តីក្នុងការប្រកួតកីឡាអាស៊ី Asian Games លើកទី១៩ នៅចិន ។ ថារី ជាចៅក្រមដាក់ពិន្ទុ លើប្រភេទកីឡាការ៉ាតេ ឯ ពេជ្រអក្ខរ៉ា ដែលជាអាជ្ញាកណ្ដាលអន្ដរជាតិ FIFA ត្រូវបានជ្រើសជាអាជ្ញាកណ្ដាលកាត់ក្ដី ក្នុងការប្រកួតបាល់ទាត់ នារី ។

គួររម្លឹកថា ស្ដ្រីកម្ពុជា ២រូបនេះ ត្រូវបានអន្ដរជាតិទទួលស្គាល់លើសមត្ថភាព និងជំនាញលើកីឡាផ្សេងពីគ្នា ។ ប៉ុន្ដែពួកគេ មានចំណុចដូចគ្នានោះ គឺការប្រឹងប្រែង និងមានគោលដៅច្បាស់លាស់ដូចគ្នា ។ កញ្ញា ជា ថារី បានចំណាយពេលវេលា ២២ឆ្នាំក្នុងវិស័យកីឡាការ៉ាតេ ដោយគិតចាប់ពីឆ្នាំ២០០១ មកទល់ពេលនេះ ។ ដោយឡែក កញ្ញា ថារី ប្រើពេល ៧ឆ្នាំចុងក្រោយនោះ ជាអាជ្ញាកណ្ដាល ដោយបានប្រឹងប្រែងហ្វឹកហាត់ រៀនវគ្គបណ្ដុះបណ្ដាលនានា ដើម្បីចូលរួមប្រឡងទទួលសញ្ញាប័ត្រ ពីសហព័ន្ធកីឡាការ៉ាតេអាស៊ី ៕